ពិតជាគួរឱ្យភ្ញាក់ផ្អើល ពេលអ្នកបានឃើញគំរូរថយន្ត Lexus LX ដែលត្រៀមចេញក្នុងឆ្នាំ2021ខាងមុខ បែរជាលាន់មាត់ថា បើសិនជារថយន្ត Lexus LX ចេញមករាងចឹងមែន មើលពីចំហៀងមួយភ្លែត គឺស្រដៀងទៅនឹងរថយន្ត Mitsubishi Outlander 2019 មែនទែន។
បើគិតមកទល់បច្ចុប្បន្ន រយៈពេលជិតមួយទសវត្សហើយ ដែលក្រុមហ៊ុន Toyota Lexus របស់ជប៉ុន បានផលិតរថយន្តប្រភេទ SUV កម្លាំងម៉ាស៊ីនធំ ដ៏ទំនើបរបស់ខ្លួន ហើយសង្វាក់ផលិតកម្ម និងរូបរាងរបស់រថយន្តប្រភេទ Lexus LX នេះ នឹងនៅតែបន្តលើជំនាន់ក្រោយៗទៀតរបស់ខ្លួន។
ប៉ុន្តែបើតាមការចេញផ្សាយលើទស្សនាវដ្ដីជប៉ុន ឈ្មោះ Mag-X ថ្មីៗនេះ បានបង្កឱ្យអ្នកអានកាន់តែមានមន្ទិល ទៅលើរូបរាងរបស់រថយន្ត SUV នេះ ដោយសារតែផ្នែកខាងក្រោយរបស់វា ហាក់មានភាពស្រដៀងខ្លាំង ទៅនឹងម៉ូដែលរថយន្តទំនើប Mitsubishi Outlander 2019 ខ្លាំង។ ហើយអ្នកតាមដានភាគច្រើន ក៏លាន់មាត់ដូចគ្នាថា បើការឌីហ្សាញលើស៊េរីរថយន្តតម្លៃជាង២០ម៉ឺនដុល្លារនេះ ចេញមកដូចរូបភាពបែកធ្លាយនេះមែន គឺវាកាន់តែកាត់រូបរាងទៅនឹងរថយន្តMitsubishi Outlander ទៅវិញ។
ទស្សនាវដ្ដី Mag-X បានលម្អិតបន្ថែមថា រថយន្ត Lexus LX 570 ស៊េរីក្រោយអាចនឹងងាកមកប្រើប្រាស់ប្រភេទម៉ាស៊ីន ដូចទៅនឹងម៉ូឌែល LS Sedan ដែលជាប្រភេទ Twin-Tuirbo 6ម៉ាស៊ីន ជំនួសឱ្យម៉ាស៊ីន 8 សព្វថ្ងៃ។ បើដូច្នេះមែន មានន័យថា កម្លាំងម៉ាស៊ីនលើរថយន្ត Lexus 570 ស៊េរីក្រោយៗ នឹងកើនកម្លាំងសេះ រហូតដល់416 សេះ ខណៈដែលLX 570 សព្វថ្ងៃបំពាក់ម៉ាស៊ីន8 កម្លាំង 383 សេះ។
ក្រុមហ៊ុនទំនងជាចង់ងាកមកផលិតម៉ាស៊ីនដែលជួយសន្សំសំចៃដល់អ្នកប្រើប្រាស់ ប្រភេទរថយន្តធុនធំរបស់ខ្លួន។ ទោះជាយ៉ាងនេះក្ដី Lexus ក៏អាចនឹងបញ្ចេញនូវជម្រើសម៉ាស៊ីនច្រើន សម្រាប់អតិថិជនរបស់ខ្លួនធ្វើការជ្រើសរើសយកទៅប្រើប្រាស់ ព្រោះកាលពីខែតុលា កន្លងទៅ ក្រុមហ៊ុន Toyota Lexus ទើបតែបានចុះបញ្ជីពាណិជ្ជកម្មលើនិមិត្តសញ្ញា ឡូហ្គូថ្មីមួយ គឺ LX 600 ដូច្នេះ ម៉ាស៊ីនរបស់រថយន្ត Lexus LX ស៊េរីឆ្នាំក្រោយៗតូច ឬធំជាង Lexus LX 570 នៅមិនទាន់ផ្លូវការណ៍នៅឡើយ។
Lexus LX 570 គឺជារថយន្តធុនធំបំផុតរបស់ក្រុមហ៊ុន Toyota ដែលត្រូវបានរចនាឡើងប្រកបដោយអានុភាព មានអំណាចពេលបើកបរលើដងផ្លូវ និងប្រកបប្រណិតភាពដ៏អស្ចារ្យ ព្រមជាមួយការបំពាក់បច្ចេកវិទ្យាទំនើបឈានមុខរបស់ក្រុមហ៊ុនថែមទៀតផង។ តួរថយន្តខាងក្រៅ រឹងមាំ ខ្លាំង អាចបើកបរឡើង/ចុះទីទួល ឬផ្លូវលំបាកៗបានដោយរលូន ជាមួយការបំពាក់ម៉ាស៊ីន V8 ចំណុះ ៥,៧ លីត្រ ដែលផ្តល់ថាមពលវិលកង់ទាំងបួនគ្រប់ពេល។ សម្រាប់ទីផ្សារកម្ពុជា រថយន្ត570 ស៊េរីឆ្នាំ 2020 ក៏មានដាក់លក់នៅតាមការ៉ាស់ធំៗមួយចំនួន និងទទួលការកុម្ម៉ង់ផងដែរ ដោយតម្លៃប្រហាក់ប្រហែល 25ម៉ឺនដុល្លារតែប៉ុណ្ណោះ៕