ឆ្នាំ 2021 ខាងមុខក្រុមហ៊ុន FORD នឹងបង្កើតសករាជថ្មីរបស់ខ្លួននៅរដ្ឋ Michigan សហរដ្ឋអាមេរិច ដោយបោះកញ្ចប់ថវិការរហូតដល់ជាង 1.45 ពាន់លានដុល្លារ វិនិយោគលើការផលិតរថយន្ត Truck ស៊េរីថ្មី Ford Bronco, F-15Hybrid, F-150 Electric និងរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ច្បាស់ការណ៍ហើយ ទំហំទឹកប្រាក់សរុបដល់ទៅជាង1.45 ពាន់លានដុល្លារ នឹងត្រូវបានក្រុមហ៊ុន Ford Motor វិនិយោគលើការផលិតប្រភេទរថយន្តប្រភេទ Pick Up ប្រើអាគុយ និងអគ្គិសនី រួមទាំងគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ក្នុងរោងចក្រ ដែលត្រៀមសាងសង់ថ្មីចំនួនពីរកន្លែងក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិច។ កញ្ចប់លុយដ៏ច្រើនលើសលប់ ដែលក្រុមហ៊ុនរថយន្តយក្សនៅអាមេរិច វិនិយោគលើការពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួននេះ ត្រូវបានគេប៉ាន់ស្មានថានឹងរួមចំណែកផ្ដល់ការងារថ្មីបន្ថែមជូនប្រជាជនក្នុងតំបន់រហូតដល់ជាង 3,000 កន្លែងថែមទៀតផង។
តាមផែនការគ្រោងទុក បុគ្គលិករបស់រោងចក្រ FORD នៅតំបន់ Wayne នឹងអាចចាប់ផ្ដើមការងារលើផ្នែកធ្វើតេស្តបច្ចេកទេស និងត្រួតពិនិត្យគុណភាពរថយន្ត រួមទាំងរោងចក្រដំឡើងរថយន្តដោយស្វ័យប្រវត្តិដ៏ទំនើបក្នុងឆ្នាំ2021ខាងមុខ។ រោងចក្រផលិតរថយន្ត FORD ដ៏ទំនើបមិនធ្លាប់មានពីមុនមកនេះ នឹងផលិតនូវរថយន្តFord ស៊េរីថ្មីFord Bronco និងRanger ជូនដល់អតិថិជនឲ្យកាន់តែមានភាពល្អឥតខ្ចោះ ក៏ដូចជាពង្រីកវិសាលភាពនៃការស្រាវជ្រាវ និងផលិតឲ្យបាន នូវប្រភេទរថយន្តPick Up សាកអគ្គិសនីរបស់ខ្លួន។ ការពង្រីកវិសាលភាពក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនេះ ក្រុមហ៊ុន FORD នឹងបែងចែកទឹកប្រាក់ចំនួន 700 លានដុល្លារ រួមទាំងផ្ដល់ការងារចម្រុះចំនួន៣០០កន្លែង លើការផលិតប្រភេទរថយន្ត Ford F-150 ប្រើថាមពលអគ្គិសនី រថយន្ត F-150 អូសដោយកម្លាំងអាគុយដោយមិនប្រើសាំង ហើយរោងចក្រដំឡើងថ្មីដដែលនេះ ក៏នឹងផលិតនូវប្រភេទអាគុយមួយមួយកំប្លេរស្រេចតែម្ដង។
អគ្គនាយកក្រុមហ៊ុន FORD លោក Joe Hinrichs បានលើកឡើងថា៖«សព្វថ្ងៃនេះ ក្រុមហ៊ុន FORD កំពុងវិនិយោគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការផលិតរថយន្តប្រភេទ Trucks និង SUV ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានបោះជំហានថ្មីមួយទៀត លើការផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ និងរថយន្តអគ្គិសនីដំបូងបំផុត។ ពួកយើងមានមោទកភាពខ្លាំងមែនទែន ;ក្នុងការដំឡើងរោងចក្រផលិតរថយន្តបន្ថែមទៀតក្នុងរដ្ឋMichiganជូនអតិថិជនរបស់ពួកយើង»។ លោកបានបន្តទៀតថា៖ ការវិនិយោគនេះក៏មានការចូលរួមពីស្ថាប័នពាក់ព័ន្ធដូចជា The UAW (The United Automobile Workers) រដ្ឋបាលរដ្ឋសហព័ន្ធ និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ប្រចាំតំបន់ផងដងដែរ ដោយឈរលើគោលការណ៍ «America First»។
លោក Gory Gamble អគ្គនាយកស្ថាប័ន The UAW ក៏បានសម្ដែងការពេញចិត្តជាខ្លាំង លោកថា៖ «The UAW ពិតជាមានមោទកភាពខ្លាំងចំពោះឆន្ទៈដ៏មុះមុតរបស់ក្រុមហ៊ុនFORDដែលបានបន្តធ្វើស្វ័យទំនើបកម្មក្នុងការផលិតរថយន្តបន្ថែមក្នុងរដ្ឋMichigan សហរដ្ឋអាមេរិច។ ការដំឡើងរោងចក្រផលិតរថយន្តថ្មីនេះ នឹងរួមចំណែកដោយផ្ទាល់លើការបង្កើតការងារ និងសុវត្ថិភាពកាងារដល់ប្រជាជនក្នុងតំបន់ទាំងមូល»។
កាលពីឆ្នាំ2019 ក្រុមហ៊ុន FORD បានចុះកុងត្រាជាមួយស្ថាប័នThe UAW (The United Automobile Workers) ដោយប្ដេជ្ញាថា នឹងវិនិយោគទឹកប្រាក់រហូតដល់៦ពាន់លានដុល្លារផលិតរោងចក្របន្ថែម និងផ្ដល់ការងារថ្មីជាង 8,500 កន្លែងដល់ប្រជាជនអាមេរិច។ បច្ចុប្បន្នគិតជាទឹកប្រាក់សរុបនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងអស់ជុំវិញពិភពលោក គឺមានចំនួន11.5ពាន់លានដុល្លារ ហើយក្នុងនោះក្រុមហ៊ុនFORD ក៏នឹងក្លាយជាចំណែកនៃក្រុមហ៊ុនវិនិយោគមួយដែលបានវិនិយោគទឹកប្រាក់ខ្ទង់ពាន់លានដុល្លារដែរ លើការផលិតរថយន្តTruckប្រភេទ F-15 Hybrid, F-150 Electric ដំបូងបំផុតមិនធ្លាប់មានក្នុងត្រកូល Ford F-Series របស់ខ្លួន។ ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តប្រភេទ Truck ដាច់បំផុតលើទឹកដីសហរដ្ឋអាមេរិច នារយៈពេលជាង 4 ទសវត្សកន្លងមកនេះ Ford Motor Company ក៏បានរួមចំណែកផ្ដល់ការងាររហូតដល់ជាង 191,000 កន្លែងដល់ប្រជាជនទូទាំងពិភពលោកផងដែរ៕
ប្រភព៖Media.ford