រថយន្តHummer H1 មួយគ្រឿងត្រូវបានរចនាយ៉ាងពិសេស និងស្រស់ស្អាតប្លែកខុសពីរថយន្តHummerដទៃផ្សេងទៀត មើលទៅគួរឲ្យចាប់អារម្មណ៍មែនទែន។ ធ្លាប់តែដើរតួកាច បង្ហាញមុខតែក្នុងសមរភូមិសង្គ្រាមក្ដៅ តែពេលនេះ Hummer H1 មួយនេះ បានប្រែកាយទៅជាឆ្មាំទុកចល័តលើឆ្នេរខ្សាច់ទៅវិញ។
Hummer H1 ដែលរចនាទុកជិះលំហែរកាយតាមឆ្នេរសមុទ្រនេះ ជាស៊េរីចាស់ឆ្នាំ ផលិតឡើងក្នុងឆ្នាំ1987 ហើយរថយន្តចម្បាំងនេះ មិនមែនផលិតឡើងសម្រាប់តែបម្រើក្នុងវិស័យយោធាតែមួយមុខឡើយ។ មិនខុសប្លែកពីអំបូររថយន្តHummer ប្រភេទផ្សេងៗទៀតដែរ Hummer H1 ឆ្នាំ1987ស៊េរីនេះ ក៏ផលិតឡើង ដើម្បីចែកចាយលក់លើទីផ្សាររថយន្តជូនអតិថិជនផងដែរ។
រថយន្តHummer H1 ស៊េរីចាស់ តែតុបតែងផ្លាស់មុខមាត់ថ្មីមួយនេះ ប្រើនូវម៉ាស៊ីនធំ ស៊ីឡាំងV8 ចំណុះ6.5លីត្រ ប្រើម៉ាស៊ូត និងប្រព័ន្ធលេខអូតូ។ ភាពខុសប្លែក ដែលយើងសង្កេតឃើញលើរថយន្តនេះ គឺផ្នែកខាងក្រៅរថយន្ត ត្រូវបានបាញ់ថ្នាំប្រែពណ៌ត្រីអ៊ីទាហាន ឡើងទៅជាពណ៌ទឹកសមុទ្រខ្ចី ហើយកញ្ចក់ខាងមុខ បន្ថែមស៊ុមព័ទ្ធជុំវិញឲ្យកាន់តែរឹងមាំ។ ដោយឡែកយ៉ាន់កង់ដើមដែលធ្លាប់តែមានលក្ខណៈតាន់ស្វិតរឹងមាំ ក៏ត្រូវបានបិទបាំងមកជាពណ៌សសុទ្ធគ្មានចន្លោះប្រហោងសូម្បីតែមួយ។
សម្រាប់ទ្វារវិញ ក៏ត្រូវបានដូរមករចនាជាប្រភេទឈើវិញ ក្នុងនោះ កៅអីស្បែកទាំងបួនក៏ត្រូវបានរចនាចេញជាម៉ូដផ្កា និងស្លឹកឈើឲ្យស៊ីទៅនឹងពណ៌រថយន្តផងដែរ។ ចំពោះដៃចង្កូតកាន់តែលេងស្ទាយ៍ប្លែកខ្លាំង ដោយអ្នករចនាបានលេងចង្កូតរបស់ Hummer H1 នេះ ដោយការខ្សែយ៉ាងហាប់ណែន និងមានរំលេចដោយពាក្យថា«beach bum for life»ចំកណ្ដាលចង្កូតតែម្ដង។ ដើម្បីឲ្យស៊ីទៅនឹងតួនាទីជារថយន្តសម្រាប់ជិះលើឆ្នេរសមុទ្រ រថយន្តផលិតឆ្នាំ1987មួយគ្រឿងនេះ ក៏ត្រូវបានគេបំពាក់នូវបន្ទះក្ដារជិះលើទឹករលកចំនួនពីរមកស្រាប់ នៅផ្នែកខាងក្រោយ អំពូលសម្រាប់បញ្ជាក់ពីការដឹកលើសចំណុះ ប្រព័ន្ធសំឡេងបុកបាស់ខ្លាំងជាងមុន ធុងសាំងចំនួនពីរថែមទៀតផង។
តើប្រិយមិត្តយល់យ៉ាងណា បន្ទាប់ពីបានតាមដាន ការប្រែកាយពីរថយន្តយោធា ទៅជារថយន្តបែបកម្សាន្តទុកជិះលើឆ្នេរខ្សាច់ពេលទៅលេងសមុទ្ររួមមក? បើសិនជាចាប់អារម្មណ៍លោកអ្នកក៏អាចដាក់ពាក្យដេញថ្លៃHummer H1 ឆ្នាំ1987នេះបាន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ2020 ក្នុងទីក្រុង Kissimmee រដ្ឋFlorida សហរដ្ឋអាមេរិចបានផងដែរ៕