ថ្នេរពូករថយន្ត​ Bentley បន្ថែមការរចនា​លើ​កៅអីយ៉ាង​ប្រណីតឈ្មោះ Diamond-in-Diamond

តើ​តម្លៃ​ខ្លួន​របស់​រថយន្ត Bentley Continental GT និងBentley Continental GT Convertible នឹង​ឡើង​ថ្លៃ​យ៉ាង​ណា បន្ទាប់ពី​រចនា​ថ្នេរ​ពូកអង្គុយប្រភេទ Diamond-in-Diamond?

sambo 2019
06 មករា 2020
10:12 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

កាល​ពី​ពេល​ថ្មីៗនេះ ក្រុមហ៊ុន​រថយន្ តRolls-Royce ទើប​តែ​បង្អួត​លើ​ការ​រចនា​ផ្នែក​ខាង​ក្នុង​រថយន្ត​ជាមួយ​ម៉ូដផ្កា​កូលាបយ៉ាង​ទាក់ទាញ ហើយ​ទទួលការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង។ ដោយ​ឡែក ខាង​ក្រុ​ម​អ្នក​ផលិត​​រថយន្ត​ Bentley ដែល​ល្បីល្បាញ​មក​យូរ​ហើយ លើ​ការ​រចនា និង​ប្រណីតភាពផ្នែក​ខាងក្នុងដែរនោះ ក៏​មិន​នៅ​ស្ងៀម បណ្ដោយ​ឲ្យ​ Rolls-Royce ឆក់យក​បេះដូង​អ្នកស្រលាញ់រថយន្តតែ​ឯងដែរ។ ​ថ្មីៗនេះ រថយន្ត Bentley បាន​បង្ហាញ​ចេញ​នូវគំនូរ​ស្បែកពូករថយន្តផលិត​ថ្មី​ ដេរ​ដោយ​ដៃ​បុគ្គលិក​ជំនាញ​របស់ខ្លួន​ដ៏​ប្រណីត ដើម្បី​បំពេញ​ចិត្ត​អ្នកប្រើប្រាស់ ដែល​ចូលចិត្ត​លេងស្ទាយ៌ថ្មីប្លែកលើ​រថយន្ត​ខ្លួន។


ស្នាមថ្នេរ​មួយជួរៗដែល​រត់​លើ​ស្បែកពូកកៅអីរបស់រថយន្តBentleyនេះ ត្រូវ​បាន​ដេរ​ដោយ​ដៃអ្នកជំនាញ ដោយ​ប្រើ​ម៉ាស៊ីន​ដេរទំនើប យ៉ាង​សម្រិត​សម្រាំង និង​ផ្ចិតផ្ចង់ជាទី​បំផុត ដោយ​មានបង្កប់ស្នាមថ្នេរ​ចំនួន 712 ចំណុច លើ​ខ្សែ​ដេរមួយជួរៗ។ ស្រោមពូក​ស្បែក​ប្រណីត​ ដែលត្រូវ​បាន​គេ​ដាក់​ឈ្មោះថា «Diamond-in-Diamond Quilting»។ បច្ចុប្បន្នមាន​អតិថិជនរបស់ Bentley ប្រមាណជាង ​70% ហើយ ដែល​ស្រលាញ់ពេញចិត្ត​ជាខ្លាំងក្នុង​​ការ​បន្ថែម​ភាពប្រណីត​លើ​ពូក និង​ផ្នែក​ខាង​ក្នុង​របស់រថយន្ត។ រថយន្ត​ Bentleyចំនួន​ 2 ស៊េរី គឺ​​​ Bentley Continental GT ដែល​ធ្លាប់​ជាប់​ពាន់រង្វាន់​ជា ​រថយន្ត​ប្រណីត​ផ្នែកខាងក្នុង​ល្អ​ដាច់គេ​ ប្រចាំ​ឆ្នាំ 2019 (Winner of 2019 Best Interior award) និង​ ​រថយន្ត​ Bentley Continental GT Convertible កំពុង​ត្រូវ​បាន​អតិថិជនយ៉ាង​ច្រើន​សម្រុក​កុម៉្មង់​ឲ្យ​ដេរ​ពូក Diamond-in-Diamond Quiltingនេះ។


«ថ្នេរនៃ​នីមួយៗ​ ពួកយើង​ដេរ​ដោយប្រើ​​ម៉ាស៊ីនប៉ាក់លើ​ពូកស្បែកយ៉ាងទំនើប ដោយ​គ្មាន​ថ្នេរ​តគ្នាឡើយ ហើយ​នេះ​ជា​គំនិត​ច្នៃប្រឌិត​ថ្មី និង​មាន​ការ​លំបាក​ខ្លាំង​មែនទែន ចំពោះ​ពួកយើង ទម្រាំ​សម្រេច​បាន​ថ្នេរ​ពូកដ៏​ប្រណីតនេះ»។ នេះ​ជា​ការ​លើក​ឡើងរបស់ លោក Louise McCallum ប្រធាន​ផ្នែករចនា​ម៉ូដខាង​ក្នុង​របស់ Bentley ។


មិនទាន់​មាន​ការ​បញ្ជាក់ណាមួយពី​តម្លៃ​ការ​រចនាយ៉ាង​ពិសេសនេះ ថា​ចំណាយ​អស់​ប៉ុន្មាន​ទេ តែ​ក្រុម​ហ៊ុន​គ្រាន់​តែ​បង្ហើបថា ការ​រចនាថ្មីនេះ នឹង​បំពេញ​ចិត្ត​ម្ចាស់​រថយន្ត Bentley ទាំងឡាយណា ដែល​ប្រាថ្នា​ឲ្យមាន​ភាពលេចធ្លោ ល្អ​ឥតខ្ចោះ គ្មានគូរប្រៀប ហើយ​តម្លៃ​រថយន្ តBentley ​ស៊េរីក្រោយ ដែល​មាន​ការ​ដំឡើង​ពូកស្បែកថ្នេរប្រណីត Diamon-in-Diamond Quilting នឹង​ត្រូវ​ចំណាយ​លើសស៊េរីមុនៗច្រើនគួរសម៕