ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce គឺចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងគោលដៅថ្មីដែលខ្ពស់មែនទែន។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុនផលិតរថយន្តប្រណិតនេះ លក់រថយន្តបានច្រើនជាង 5,152 គ្រឿង សម្រាប់អតិថិជនជាច្រើនដែលមាននៅច្រើនជាង 50 ប្រទេសនៅជុំវិញពិភពលោក។ ការលក់របស់ក្រុមហ៊ុនផលិតរថយន្តនេះ គឺមានការកើនឡើងដល់ទៅ 25% បើធៀបទៅនឹងឆ្នាំ 2018។ អ្វីដែលគួរអោយកត់សម្គាល់នោះ នេះគឺជាតួរលេខនៃការលក់ដ៏ខ្ពស់បំផុតរបស់ក្រុមហ៊ុនផលិតរថយន្តនេះនៅក្នុងប្រវត្តិសាស្រ្តនៃរយៈពេល 116 ឆ្នាំនេះ។
សម្រាប់ឆ្នាំ 2019 នេះគឺជាលើកដំបូងសម្រាប់រថយន្ត Rolls-Royce Cullinan ដែលមានការពេញនិយមទៅលើការលក់ពេញមួយឆ្នាំតែម្តង។ ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសនេះ បាននិយាយថា តម្រូវការខ្ពស់ទៅលើរថយន្តប្រណិត SUV នេះគឺជាការរួមចំណែកទៅលើកំណើននៃការលក់នេះដែលខ្ពស់ជាងការរំពឹងទុកថែមទៀត។ ក្រុមហ៊ុន Rolls-Royce នៅមិនទាន់បញ្ជាក់អំពីតួរលេខនៃការលក់រថយន្ត Cullinan នេះទេដែលវាមានតម្លៃចាប់ផ្តើមគឺ $325,000 ប៉ុន្តែសម្រាប់រថយន្ត SUV នេះបានក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងចំនោមរថយន្តជាច្រើនរបស់ Rolls-Royce ជាលក្ខណៈប្រវត្តិសាស្រ្តទៅហើយ។ ពេលនេះ តម្រូវការទៅលើរថយន្តSUVs ប្រណិតពិតជាខ្ពស់មែនទែន។
លោក Torsten Müller-Ötvös ដែលជា CEO របស់ក្រុមហ៊ុន Rolls-Royce Motor Cars បាននិយាយថា សម្រាប់សមត្ថភាពនៃការលក់របស់រថយន្តនេះ គឺខុសប្លែកពីការលក់កាលពីឆ្នាមុននេះ។ ខណៈពេលដែលយើងធ្វើការអបអរទៅនឹងលទ្ធផលនេះ យើងសន្យាជាមួយនឹងអតិថិជនជាច្រើនរបស់យើងក្នុងការរក្សានូវម៉ាកយីហោរបស់យើងអោយកាន់តែអស្ចារ្យ និងផ្តាច់មុខថែមទៀត។ យើងរីករាយណាស់ដែលឆ្នាំ 2019 នេះមានការកើនឡើង 25% ។ តម្រូវការពិភពលោកសម្រាប់ឆ្នាំមុននេះ ទៅលើរថយន្ត Cullinan SUV គឺពិតជាខ្ពស់មែនទែន ហើយវានឹងបន្តមកទៀតសម្រាប់ឆ្នាំ 2020 នេះ។
“ នេះគឺជាសក្ខីភាពដ៏លេចធ្លោមួយចំពោះគុណភាពនិងភាពស្មោះត្រង់នៃផលិតផលរបស់យើងជំនឿ និងចំណង់ចំណូលចិត្តរបស់អតិថិជនរបស់យើងហើយសំខាន់ជាងនេះទៅទៀតជំនាញការលះបង់ និងការប្តេជ្ញាចិត្តរបស់ក្រុមពិសេសរបស់យើងនៅឯ Home of Rolls-Royce ;នៅ Goodwood និងនៅជុំវិញពិភពលោក និងបណ្តាញអ្នកចែកចាយសកលរបស់យើងជាក់ជាមិនខាន។
សម្រាប់រថយន្ត Rolls-Royce Phantom, Dawnនិង Wraith ក៏មានតម្រូវការខ្ពស់ផងដែរសម្រាប់ពេញមួយឆ្នាំនេះ ខណៈពេលដែលតម្រូវការរបស់ពិភពលោកសម្រាប់រថយន្ត Rolls-Royce Bespoke ក៏មានកម្រិតខ្ពស់ផងដែរនៅក្នុងឆ្នាំ 2019 នេះ។ មួយនៅក្នុងចំណោមនេះគឺជារថយន្ត Zenith Collector's Edition របស់ Rolls-Royce Ghos ដែលមានតែ 50 គ្រឿងប៉ុណ្ណោះ។ សម្រាប់រថយន្តជំនាន់បន្ទាប់របស់ Rolls-Royce Ghost នឹងប្រកាសបង្ហាញខ្លួននៅក្នុងពាក់កណ្តាលឆ្នាំ ២០២០ នេះ ហើយវានឹងដាក់លក់នៅក្នុងត្រីមាសទី 4 ខាងមុខនេះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Rolls-Royce សម្រាប់ម៉ូឌែលថ្មីនេះនឹងធ្វើការពង្រីកទៅលើកេរ្តិ៍ឈ្មោះ របស់រថយន្តត្រកូល Ghost នេះ ជាក់ជាមិនខាន៕