រថយន្ត Chevrolet ស៊េរី​ទំនើប​ចុងក្រោយចំនួន​3ប្រភេទសម្ពោធជាផ្លូវការមកកាន់ទីផ្សារប្រទេសកម្ពុជា

ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង សម្ពោធជាផ្លូវការនូវរថយន្តស៊េរីទំនើប ឆ្នាំ2019 ចំនួន 3ប្រភេទ គឺChevrolet Suburban, Chevrolet Camaro និងChevrolet Equinox

sambo 2019
21 មករា 2020
06:30 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

កាល​ពី​ល្ងាច ថ្ងៃទី15 មករា 2020 នៅមជ្ឍមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង (United Auto Trading Co., Ltd) បាន​សម្ពោធជាផ្លូវការ នាំ​យក​នូវ​រថយន្ត​ Chevrolet ស៊េរីទំនើបចុង​ក្រោយចំនួន3គ្រឿងមក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា។


ថ្លែង​ក្នុង​កម្មវិធីបើកសម្ពោធរថយន្ត​ស៊េរីទំនើបឆ្នាំ2019 ទាំង3ប្រភេទនេះ លោក ប៉ែន ពិសិដ្ឋ ប្រធានគ្រប់គ្រងទូទៅ ប្រចាំក្រុមហ៊ុន United Auto Trading Co., Ltd មានប្រសាសន៍ថា៖ «ថ្ងៃនេះ ក្រុមហ៊ុន​មានកិត្តិយស ដែលបាន​នាំ​ចូល​នូវ​រថយន្តស៊េរីថ្មី និងទំនើបចុងក្រោយបំផុត ចំនួន​3ប្រភេទ រួមមាន៖ Chevrolet Equinox, Chevrolet Camaro និងChevrolet Suburban ដើម្បី​បំពេញតាមតម្រូវការរបស់អតិថិជនរថយន្ត Chevrolet នៅក្នុងប្រទេសកម្ពុជា» ។


លោកបានបន្ថែមថា៖ រថយន្តទាំងបីប្រភេទខាងលើនេះ សុទ្ធតែ​ជារថយន្តទំនើប បំពាក់នូវបច្ចេកវិទ្យាចុងក្រោយ នាំ​ឲ្យ​ការ​បើកបររបស់លោកអ្នក ប្រកប​ដោយ ផាកសុខភាព សុវត្ថិភាព និង​សន្សំសំចៃខ្ពស់ រួមទាំង​មាន​តម្លៃ​សមរម្យថែមទៀតផង។


គួរបញ្ជាក់ថា Chevrolet គឺ​ជា​ម៉ាកសញ្ញាមួយ របស់អាមេរិក ដែល​មាន​កេរ្តិ៍ឈ្មោះ ល្បីល្បាញនៅពិភពលោក អស់រយៈពេលជាង​100ឆ្នាំ​មក​ហើយ។ Chevrolet ក៏ត្រូវ​បាន​នាំ​ចូល​ផ្ដាច់​មុខ ចូល​មក​ក្នុង​ទីផ្សារ​រថយន្ត​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន United Auto Trading Co., Ltd តាំង​ពី​ឆ្នាំ 2013 រហូត​មកដល់បច្ចុប្បន្ន។

ដោយសំឡឹង មើល​ឃើញពីនិន្នាការ របស់អតិថិជន ដែលតែងតែនិយមគាំទ្រ ទិញ​រថយន្តម៉ាក Chevrolet ​យកទៅប្រើប្រាស់កាន់តែ​មាន​កំណើនជា​រៀងរាល់ឆ្នាំ ទើប​ក្រុមហ៊ុន បន្តនាំ​យក​នូវ​រថយន្តទាំង3ម៉ូឌែល ខាងលើបន្ថែមទៀត។


Chevrolet Suburban គឺជារថយន្ត ប្រភេទ SUV ខ្នាតធំ កៅអី3ជួរ អាច​ផ្ទុកអ្នកដំណើរ​បាន ពី7ទៅ 9នាក់ មានផ្ទែខាងក្នុងធំទូលាយ លើស​រថយន្តSUV ផ្សេងៗ។ រូបរាងពីខាងក្រៅ មើលទៅពោរពេញដោយអំណាច រឹងមាំ ស័ក្តិសមបំផុត សម្រាប់​អ្នក​ដែលចូលចិត្ត​បើកបរ​ផ្លូវ​ខេត្ត ឬ​ឆ្ងាយៗ ដែល មានសមាជិកច្រើន។ រថយន្តSUV ខ្នាតធំរបស់ Chevrolet នេះបំពាក់មកជាមួយម៉ាស៊ីនចំណុះ 5.3លីត្រ ប្រភេទ ECoTec3 មានស៊ីឡាំង V8 ប្រអប់លេខ6 ស្វ័យប្រវត្តិ និងមាន​ភ្ជាប់មកនូវបច្ចេកវិទ្យាទំនើបៗជាច្រើនផ្សេងទៀតផងដែរ។


ដោយឡែក ចំពោះរថយន្ត Chevrolet Camaro វិញ មានរាងជាប្រភេទរថយន្តស្ព័រ យ៉ាង​ទំនើប និង​ទាន់សម័យ តួខ្លួនទាំងមូល មើលទៅមានភាពសិចស៊ី និង​ទាក់ទាញមែនទែន។ រថយន្តស្ព័រ ដែលមានឈ្មោះយ៉ាងពិរោះ Chevrolet Camaro នេះមានកម្លាំងខ្លាំង មានម៉ាស៊ីន ទំហំ 5.3លីត្រ ស៊ីឡាំង8 និងមានលក្ខណៈសម្បត្តិ ក៏ដូចជាបច្ចេកវិទ្យាជាច្រើនផ្សេងទៀតបំពាក់មកជាមួយផងដែរ។ ដោយសារតែផលិតចេញមកជាមួយកម្លាំងម៉ាស៊ីនខ្លាំង បែបរថយន្តស្ព័រ ទើប Chevrolet Camaro អាច​បង្កើន​ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 60 ត្រឹមតែ 3.7 វិនាទីតែប៉ុណ្ណោះ។


ងាក​មក ចាប់អារម្មណ៍ត្រួសៗ លើ​រថយន្ត Chevrolet Equinox ដ៏​ស្រស់ស្អាតវិញ ឃើញថា ជាប្រភេទ​រថយន្ត SUV មាន5កៅអី បង្វិលកង់ទាំង4 ម៉ាស៊ីនចំណុះ 1.5លីត្រ ប្រភេទTurbocharged Engine ស័ក្តិសមជាមួយគ្រួសារតូចល្មម មានសមាជិក4-5នាក់។ Chevrolet Equinox ផលិតចេញមក មានរូបរាងខាងក្រៅ ឆើតឆាយ រំលេចដោយចង្កៀង និងប៉ាណា ឌីហ្សាញចេញមក មានភាពស្រស់ស្អាត និងទាក់ទាញខ្លាំង។

 

សូមបញ្ជាក់ថា ទាំងអស់នេះ គឺជា​លក្ខណៈពិសេសត្រួសៗរបស់រថយន្ត Chevrolet ដែល​ទើបសម្ពោធនាំ​ចូលជាផ្លូវការ​ មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជាយើងប៉ុណ្ណោះ ចំពោះ​លក្ខណៈសម្បត្តិទូទៅ និង​លម្អិត អំពី​រថយន្ត និង​តម្លៃលក់លើទីផ្សារ លោកអ្នកអាច​អញ្ជើញទៅដល់ Showroom របស់ក្រុមហ៊ុនផ្ទាល់ ដែលមាន អាស័យដ្ឋាន នៅផ្លូវអាគារលេខ115 មហាវិថីសហព័ន្ធរុស្សី (110) រាជធានីភ្នំពេញ ឬទំនាក់ទំនងលេខទូរស័ព្ទ 095 555 832 ៕ 




 

សូមណែនាំអត្ថបទសម្រាប់អ្នក