ក្រុមហ៊ុនMercedes-Benz បានធ្វើឲ្យអ្នកចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ The Consumer Electronics Show (CES) នៅរដ្ឋ Las Vegas មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហាញចេញនូវគំរូរថយន្តថ្ងៃអនាគតរបស់ខ្លួនមួយម៉ូឌែល ឈ្មោះ VISION AVTR ដែល ក្រុមហ៊ុនបង្ហើបថា គំនិតច្នៃប្រឌិតរថយន្តនេះ យកលំនាំតាម រថយន្តក្នុងភាពយន្តហូលីវូដដ៏ល្បីល្បាញ រឿង Avatar ។
រថយន្ត Mercedes VISION AVTR នេះ មានពណ៌ខៀវចាស់ រំលេចដោយភ្លើងតាំងពីក្នុងរថយន្ត ដល់ខាងក្រៅ សូម្បីតែយ៉ាន់ក៏ឌីហ្សាញជាមួយភ្លើងផងដែរ។
រូបរាងខាងក្រៅរបស់ VISION AVTR មានលក្ខណៈខុសប្លែកដាច់ស្រឡះពីរថយន្ត Mercedes ដទៃ។ អ្នកឌីហ្សាញរថយន្តមួយចំនួន នាំគ្នានិយាយថា បើពិនិត្យឲ្យដិតដល់ទៅ រថយន្តនេះ ចង់កាត់ស្រដៀងទៅនឹង រថយន្តក្នុងកុន រឿង 2009 sci-fi ទៅវិញ។
នៅខាងក្នុងមានបច្ចេកវិទ្យាដ៏ទំនើប ដែលអនុញ្ញាតឲ្យអ្នកបើកបរ បញ្ជាមុខងារផ្សេងៗបាន ដោយប្រើកាយវិការបានយ៉ាងងាយស្រួល។ VISION AVTR ក៏នឹងផលិតដោយប្រើកម្លាំងអគ្គិសនីសាកភ្លើង ជំនួសម៉ាស៊ីន។ កៅអីអង្គុយ ជាប្រភេទពូកស្បែកឌីណាមិច ដោយឡែក កម្រាលខាងក្រោមវិញ ត្រូវបានក្រាលដោយឈើប្រណិត និងកម្របំផុត ដែលលើពិភពលោក មានតែនៅក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។ ក្រៅពីនេះ ក៏នៅមានបច្ចេកវិទ្យាជាច្រើនផ្សេងទៀត ដែលមានបំពាក់លើរថយន្តថ្ងៃអនាគត ស្រដៀងទៅនឹងរថយន្តក្នុងរឿង Avatar របស់ក្រុមហ៊ុន Mercedes៕