ឆ្នាំនេះក្រុមហ៊ុន Lexus នៅកាណាដា បានបង្ហាញរថយន្ត Lexus GX 460 ក្នុងរូបភាពច្នៃប្រឌិតថ្មី ប្លែក សមជាប្រភេទរថយន្ត SUV ដែលអាចបើកបរផ្លុវលំបាកៗ ប្រភេទ Off Road គ្រប់ប្រភេទ ដែល Lexus ប្រសិទ្ធិនាមថា GX Off-Road ។
និយាយដើមរបស់ Lexus GX 460 បន្តិចទៅចុះ! ឆ្នាំនេះ GX 460 ស៊េរី ឆ្នាំ2020 បានធ្វើកំណែប្រែជាច្រើន ទាំងផ្នែកខាងក្នុង និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដូចជា Lexus Safety System+ រួមទាំងបច្ចេកវិទ្យាជាច្រើនផ្សេងទៀតផងដែរ។ កម្លាំងម៉ាស៊ីនរបស់ Lexus GX 460 ឆ្នាំ2020 មានចំណុះ 4.6លីត្រ ស៊ីឡាំង V8 និងមានកម្លាំង 301សេស។
គំនិតច្នៃប្រឌិតថ្មីរបស់រថយន្ត Lexus ស៊េរីចុងក្រោយនេះ ក៏ជាការចូលរួមអបអរសាទរ ខួបគម្រប់ 30ឆ្នាំ ក្នុងប្រទេសកាណាដាផងដែរ។ នាយកគ្រប់គ្រង Lexus នៅប្រទេសកាណាដា លោក Robert Tsang បាននិយាយថា៖ «ក្រុមហ៊ុនរំពឹងថា ការឌីហ្សាញដោយភ្ជាប់នូវការច្នៃប្រឌិតថ្មីលើរថយន្ត Lexus GX 460 ថ្មីនេះ នឹងធ្វើឲ្យអ្នកស្រលាញ់ចូលចិត្តប្រើប្រាស់រថយន្តបែប Off Road បាក់ស្រលាញ់ខ្លាំងជាមិនខាន មិនលោកបើកចង់បើកបរទៅដល់ទីណា កន្លែងណានោះទេ»។
ចំណុចលេចធ្លោរ ទាក់ទាញខ្លាំង របស់រថយន្តនេះ មានដូចជា ការបំពាក់នូវដំបូលគ្របខាងលើបានធំ អាចដាក់គ្រែគេងចល័តបាន មានសំយ៉ាបទម្លាក់សងខាង ថែមទាំងមាន កន្លែងតទុយយោទឹក សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង ទៅតំបន់ឆ្ងាយៗផងដែរ។ ទាំងបាណាមុខ និងបាតក្រោម ត្រូវបានផលិតមកយ៉ាងពិសេស និងរឹងមាំ ធានាការពារ ការកកិត ឆ្កូត ពេលបើកបរផ្លូវលំបាកៗបាន ដោយគ្មានការព្រួយបារម្ភឡើយ។
ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះរូបរាងរបស់ Lexus GX 460 ឆ្នាំ2020 សម្រាប់ជិះOff-Road មួយនេះ?