ឆ្នាំ2019 កន្លងទៅ ទីផ្សាររថយន្ត Pick Up ប្រភេទ Off-Road ហាក់កញ្ជ្រោកទីផ្សាររថយន្តពិភពលោកមិនណយទេ សឹងតែគ្រប់ក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញ បានផលិតរថយន្តប្រភេទនេះ ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់អតិថិជនរបស់ខ្លួន។
ស្រាប់តែពេលថ្មីៗនេះ មានការចុះផ្សាយថា រថយន្តទាំងនេះ បានក្លាយជាម្ចាស់ពានរង្វាន់ CarBuss Awards 2019 ផ្នែក Off-Road មានដូចជា៖ រថយន្ត Ford F-150 Raptor 2019 រថយន្ត Jeep Gladiator 2020 និងរថយន្ត Toyota 4Runner TRD Pro 2020 ។ តាមពិតទៅ បើនិយាយដល់ប្រភេទរថយន្ត Off-Road មិនមែនមានតែ3ប្រភេទខាងលើនេះទេ គឺនៅមានប្រភេទរថយន្តគូប្រជែងម៉ាកល្បីៗផ្សេងទៀត ដែលទំនងជាប់ជារថយន្តបើកបរផ្លូវលំបាកៗនេះ ដូចជា Chevrolet Silverado Trailboss, រថយន្ត GMC Sierra Heavy Duty AT4 រថយន្ត Mercedes-Benz G550 និងរថយន្ត Toyota Land Cruiser ជាដើម។
តាមពិត ពានរង្វាន់ CarBuss Awards 2019 ដែលបានធ្លាក់ទៅលើរថយន្តទាំង3 ស៊េរីនេះ ដោយសារផ្នែកទៅលើការវាយតម្លៃទៅលើសមត្ថភាពនៃ កម្លាំងម៉ាស៊ីន ប្រព័ន្ធទប់លំនឹង និងទំហំ រួមទាំងបច្ចេកវិទ្យាទំនើប ដែលបំពាក់មកជាមួយ។
រថយន្ត Ford F-150 Raptor ឆ្នាំ2019
តួឯកលើដងផ្លូវ Ford F-150 Raptor ជំនាន់ទី2 របស់ក្រុមហ៊ុន FORD នេះ បំពាក់ដោយម៉ាស៊ីនសាំង ចំណុះ 3.5លីត្រ ប្រភេទ EcoBoost twin-turbo ស៊ីឡាំង6 និងមានកម្លាំង 450សេស និងប្រើប្រាស់ប្រអប់លេខ 10លេខ អូតូ។ បច្ចេកវិទ្យា ដែលបំពាក់លើ F-150 2019 ឲ្យបើកបរបានល្អ ក្នុងស្ថានភាពផ្លូវ Off-Road គ្រប់ប្រភេទបានយ៉ាងរលូននេះមានដូចជា៖ Fox Racing suspension, adaptive dampers, Recaro racing seats, Trail Control និងប្រព័ន្ធ Cruise control system ជាដើម។
រថយន្ត Jeep Gladiator ឆ្នាំ2020
រថយន្ត Jeep ប្រភេទPick Up ផលិតដំបូងតាំងពី ឆ្នាំ1992 មកម៉្លេះ ក្នុងនោះ រថយន្ត Jeep Wrangler និង Jeep Gladiator ឌីហ្សាញរូបរាងចេញមកមាន ភាពទាក់ទាញជាងគេ។ Jeep Gladiator ឆ្នាំ2020 ផលិតចេញមកពីរជម្រើស គឺម៉ាស៊ីនចំណុះ 3.6លីត្រ ប្រភេទ Pentastar ស៊ីឡាំង6 កម្លាំង285សេស ប្រអប់លេខ 8អូតូ និង6លេខដៃ។ មួយប្រភេទទៀត ម៉ាស៊ីនចំណុះ 3.0លីត្រ ប្រភេទTwin-turbo ស៊ីឡាំង6 កម្លាំង260សេស។
រថយន្ត Toyota 4Runner TRD Pro ឆ្នាំ2020
Toyota 4Runner TRD Pro 2020 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ក្រុមហ៊ុន Toyota ផ្ទាល់ ដូចជា Toyota Safety Sense P (TSS-P), Pre-collision System, Land departure alert, Automatic high beams, និង Adaptive Cruise Control រួមទាំងបច្ចេកវិទ្យា Apple CarPlay និងAndroid Auto ថែមទៀតផង។ Toyota 4Runner TRD Pro បំពាក់ម៉ាស៊ីនចំណុះ 4.0លីត្រ ស៊ីឡាំង6 កម្លាំង 270សេស និងមានបំពាក់នូវលក្ខណៈពិសេសជាច្រើនផ្សេងទៀត លើសពីស៊េរីមុនៗ៕