ក្រុមហ៊ុន Nissan នឹងប្រកាសលក់រថយន្ត Navara OFF-ROADER AT32 របស់ខ្លួនក្នុងខែកុម្ភៈនេះ (មានវីដេអូ)

គ្រាន់តែ​ឈ្មោះ ក៏​ដឹងថា Nissan Navara OFF-ROADER AT32 ជារថយន្តជំនាញបើកបរ​លើ​ផ្លូវ​លំបាកៗបានគ្រប់ស្ថានភាពដែរ!

sambo 2019
03 កុម្ភ: 2020
06:34 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុន Nissan ទើប​ប្រកាស​ថ្មីៗនេះថា នឹង​សម្ពោធ​ប្រកាស​លក់​រថយន្ត Navara ប្រភេទ Pick Up ស៊េរីថ្មី​ចុង​ក្រោយ​របស់ខ្លួនជាផ្លូវការ ក្នុង​ខែ​កុម្ភៈនេះ ឈ្មោះ Nissan Navara OFF-ROADER AT32 ទៅកាន់ទីផ្សារ​អ៊ឺរ៉ុប និង​ទីផ្សារចែកចាយជុំវិញពិភពលោក។ រថយន្ត Navara OFF-ROADER AT32 ដែល​​ក្រុមហ៊ុន Nissan បញ្ជាក់ថា ផលិត​មក​យ៉ាងពិសេស​ និ​ងបំពាក់​នូវ​បច្ចេកវិទ្យាទំនើបៗជាច្រើន មានសមត្ថភាពលើសម៉ូឌែលមុនៗទ្វេរដង នឹង​ត្រូវ​ចិត្ត​អតិថិជន ដែល​តែងតែ​ប្រាថ្នា​ចង់​បាន​រថយន្ត Pick Up សម្រាប់​ការ​បើក​បរលើផ្លូវ OFF-ROAD ។


ការ​អះអាងនេះ ស្របពេល​ដែល ក្រុមហ៊ុន Nissan បានសហការ​គ្នាជាមួយ ក្រុមហ៊ុន​ជំនាញខាងស្រាវជ្រាវនូវ​បច្ចេកវិទ្យា Off-Road ដ៏​ល្បីល្បាញមួយទៀត ឈ្មោះ Arctic Trucks (AT)ផលិត​ចេញ​ប្រភេទរថយន្ត Navara OFF-ROADER AT32 ស៊េរីចុងក្រោយនេះ ដែល​មានសមត្ថភាពខ្លាំងជាងមុន បច្ចេកវិទ្យាកាន់តែទំនើបជាងមុន និ​ងមានបំពាក់​នូវ​សាធាតុ អាលុយមីញ៉ូមយ៉ាងពិសេស ស័ក្តិសមជារថយន្តPick Up Off-Road យ៉ាង​ពេញលេចតែម្ដង។

កង់​របស់ រថយន្ត Navara ដែល​ដំឡើងមកដោយ​សាធាតុអាលុយមីញ៉ូមយ៉ាងពិសេស​នេះ មានទំហំ 31.6អ៊ីញ ធ្វើ​ឲ្យការ​បើកបរ​គ្រប់​ស្ថានភាពផ្លូវជាពិសេស ការ​បើកបរ​បែបផ្សេងព្រេងផ្លូវឆ្ងាយៗ និង​លំបាកបែបOff-Road លែងជាឧបសគ្គទៀតហើយ។ លក្ខណៈពិសេស​ផ្សេងទៀត មានដូចជា៖ បូមកង់ទាំង4 ជាប្រភេទបូមហ្គាស បូកនឹង​​បូមប្រេង ធ្វើ​ឲ្យ​រថយន្តបើកបរ​យ៉ាង​រលូន (Smooth)គ្មានបញ្ហា​ប្រឈម​ឡើយ មិនថាការ​បើកបរ​កាត់ប្រភេទផ្លូវខ្សាច់ ព្រិល ឡើងចំណោតថ្ម ចុះទឹក Navara OFF-ROADER AT32 គឺ​ជា​ដៃគូរ​ដ៏​ល្អ​ឥតខ្ចោះរបស់លោកអ្នក។ បាណាខាងមុខមានភាពស្រស់ស្អាត និង​ចាក់ខ្យល់បានល្អ  គម្លាតកង់នីមួយៗទូលាយជាងមុន ឈ្នាន់អូតូ បំពាក់នូវកាងមុខ និងក្រោយការពារភក់ខ្ទាត់ចូលជាដើម។ សម្រាប់​អ្នក​ចូលចិត្ត​បើកបរ​ផ្លូវ Off-Road កាត់​ទឹក​ ក៏​លែង​បារម្ភដែរ ព្រោះរថយន្ត Navara OFF-ROADER AT32 អាច​ចុះទឹកបាន​ជម្រៅរហូត​ដល់ 800មីលីម៉ែត្រឯណោះ។ បន្ថែមពីនេះ ក៏​មាន​បច្ចេកវិទ្យាទំនើបមួយចំនួនផ្សេងទៀត ដូ​ចជា ប្រព័ន្ធជំនួយពេល​ឡើងចំណោត(Hill Start Assist) ប្រព័ន្ធជំនួយពេលចុះចំណោត(Hill Descent Control) ប្រព័ន្ធឆ្លាតវៃ ចាប់ហ្វ្រាំងស្វ័យប្រវត្តិបន្ទាន់(Intelligent Emergency Braking) និង​បច្ចេកវិទ្យាមើលរូបភាពមួយជុំរថយន្ត(Intelligent Around View Monitor) ថែមទៀតផង។

«រថយន្ត Navara OFF-ROADER AT32 បាននឹងកំពុង​ក្លាយ​ជា​រថយន្ត​ Off-Road ដ៏​ពេញនិយម សម្រាប់អតិថិជនដែល​ស្វែងរក​ប្រភេទ​រថយន្ត Pick Up ដែលមានសមត្ថភាពខ្ពស់ និង​បំពាក់​ជាមួយបច្ចេកវិទ្យា​ទំនើប។ ពួកយើងបាន​ធ្វើ​ការ​អភិវឌ្ឍ​ និង​ផលិត​យ៉ាង​យកចិត្ត​ទុកដាក់ ដើម្បី​ប្រែក្លាយរថយន្តនេះឲ្យ​កាន់​តែ​ល្អ​ឥតខ្ចោះ ស័ក្តិសមជា​កំពូល​រថយន្ត Off-Road ពិតប្រាកដ ជូនដល់​អតិថិជនរបស់យើង»។ នេះ​បើ​តាម​ប្រសាសន៍របស់លោក Manuel Burdiel អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនរថយន្តNissanប្រចាំតំបន់អ៊ឺរ៉ុប។

រូបភាព Automotive Cambodia

រថយន្ត Nissan Navara OFF-ROADER AT32 នឹ​ងប្រកាស​លក់​ជា​ផ្លូវការដំបូង​ទៅក្នុង​ទីផ្សារ​អ៊ឺរ៉ុប ក្នុង​ខែ​កុម្ភៈ ឆ្នាំនេះ ហើយ​ចំពោះ​តម្លៃ ក្រុមហ៊ុននឹង​ប្រកាស​ក្នុង​ថ្ងៃ​សម្ពោធលក់​ជាមួយ​គ្នា​នោះ​ផងដែរ៕