តាំងពីដើមរៀងមក ក្រុមហ៊ុន Toyota តែងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួន ទើបប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីស្រាវជ្រាវ រកឃើញនូវប្រព័ន្ធសុវត្ថិភាពលើរថយន្តកម្រិតស្តង់ដារ ជូនដល់អ្នកបើកបរទាំងឡាយ។
Toyota Safety Sense Technologies គឺជាកញ្ចប់ស្តង់ដារសុវត្ថិភាព ដែលត្រូវបានបំពាក់លើរថយន្តទំនើបៗ របស់ក្រុមហ៊ុន Toyota ហើយក៏ធ្លាប់ជាប់ពានរង្វាន់ផ្នែកសុវត្ថិភាពលើរថយន្តមួយចំនួនផងដែរ។ បច្ចេកវិទ្យាទាំងអស់នោះ មានដូចជា៖ Pre-Collision System With Pedestrian Detection, Dynamic Radar Cruise Control, Lane Departure Alert, Automatic High Beams, Road Sign Assist, Lane Tracing Assist ជាដើម។
ថ្ងៃនេះ AutomativeCambodia សូមធ្វើការបរិយាយនូវលក្ខណៈពិសេសលើបច្ចេកវិទ្យា Toyota Safety Sense Technologies នីមួយៗ ជូនដល់ប្រិយមិត្តទាំងអស់គ្នា។
1. Pre-Collision System With Pedestrian Detection (PCS)៖បច្ចេកវិទ្យានេះ ត្រូវបានបំពាក់នៅផ្នែកខាងមុខ លើកាមេរ៉ា និងប្រព័ន្ធរ៉ាដា របស់រថយន្តToyota ដើម្បីធ្វើការស្កេន រកឧបសគ្គនៅខាងមុខរថយន្តពេលកំពុងបើកបរ។ ពេលមានក្មេងឆ្លងកាត់រថយន្ត អ្នកជិះកង់ ឬមានអ្វីផ្សេងឆ្លងកាត់ ប្រព័ន្ធនឹងបន្លឺសំឡេងឲ្យអ្នកបើកបរបានដឹង ហើយក្នុងករណីអ្នកបើកបរចាប់ហ្វ្រាំងមិនទាន់ ប្រព័ន្ធនេះនឹងបញ្ជារថយន្តឲ្យចាប់ហ្វ្រាំងបញ្ឈប់រថយន្តដោយស្វ័យប្រវត្តិខ្លួនឯង។
2. Dynamic Radar Cruise Control (DRCC)៖ ចំពោះបច្ចេកវិទ្យានេះ ធ្វើមកសម្រាប់ជាជំនួយដល់អ្នកបើកបរ កាន់តែមានភាពងាយស្រួល លើការកំណត់ល្បឿនរថយន្តពេលបើកបរលើដងផ្លូវ ដែលមានចរាចរណ៍មមាញឹក ឬនៅតាមផ្លូវហាវ៉េជាដើម។ ពេលអ្នកបើកបរប្រើមុខងារនេះ ប្រព័ន្ធរ៉ាដាលើរថយន្ត នឹងធ្វើការចាប់ល្បឿនរថយន្តដែលបើកបរនៅខាងមុខ រួចកំណត់ល្បឿនលឿន ឬយឺត ទៅតាមល្បឿនរបស់រថយន្តខាងមុខនោះ។
3. Lane Departure Alert(LDA)៖ បច្ចេកវិទ្យានេះ កាន់តែធ្វើឲ្យអ្នកបើកបររថយន្ត Toyota ទាំងឡាយ មានភាពកក់ក្ដៅ និងមានទំនុកចិត្តកាន់តែខ្លាំង លើរថយន្តរបស់ខ្លួន។ គេអាចហៅម្យ៉ាងទៀតថា Lane Departure Alert with Steering Assist ដោយសារចង្កូតរបស់រថយន្ត ដំណើរការបច្ចេកវិទ្យានេះ ជំនួសអ្នកបើកបរ ដែលមានការធ្វេសប្រហែស ងងុយគេង ឬរេចង្កូតខុសគន្លង ពេលនោះ ប្រព័ន្ធឆ្លាតវៃនេះ នឹងបន្លឺសំឡេងឲ្យដឹង។ ប្រសិនបើអ្នកបើកបរ នៅតែបន្តបើករេកិនលើគន្លងទៀត ចង្កូតររថយន្តនឹងកាច់មកត្រូវគន្លងវិញ ដោយស្វ័យប្រវត្តិ។
4. Automatic High Beams(AHB) ៖ ជួយពេលថ្ងៃមិនគ្រប់ ជួយពេលយប់បន្ថែម បច្ចេកវិទ្យានេះ Toyota បានគិតគូរដល់ សុខទុក្ខរបស់អ្នកបើកបរ ពេលយប់ជាពិសេស។ មានន័យថា ភ្លើងរថយន្តរបស់លោកអ្នក នឹងដំឡើង និងទម្លាក់ ទៅជាភ្លើងហ្វា ឬភ្លើងកូដ ដោយស្វ័យប្រវត្តិ ពេលមានរថយន្តបើកបរបញ្ច្រាស់ទិសគ្នា ជៀសវាងចាំងភ្នែកអ្នកដទៃ។
5. Road Sign Assist (TSA) ៖ បច្ចេកវិទ្យា ចាប់ស្លាកសញ្ញា ចរាចរណ៍តាមផ្លូវនេះ ធ្វើការបានយ៉ាងល្អ ជំនួសម្ចាស់រថយន្ត ដោយធ្វើការស្កេនសញ្ញាចរាចរណ៍តាមផ្លូវ រួចបង្ហាញព័ត៌មានដល់អ្នកបើកបរ ឲ្យដឹងនៅកញ្ចក់រថយន្តផ្ទាល់ខាងមុខ(Head Up Display)តែម្ដង។
6. Lane Tracing Assist (LTA) ៖ បច្ចេកវិទ្យានេះ ធ្វើការដំណាលគ្នាជាមួយបច្ចេកវិទ្យា Dynamic Radar Cruise Control ដែរ ដោយវាមានមុខងារ កំណត់ល្បឿនរថយន្ត ដោយស្វ័យប្រវត្តិ មិនបារម្ភថាបើកបរហួសល្បឿនកំណត់ ហើយរក្សាគន្លងបើកបរមិនឲ្យរថយន្តងាករេ ខុសគន្លង ជាដើម។
បច្ចេកវិទ្យា Toyota Safety Sense Technologies ត្រូវបានក្រុមហ៊ុនToyota បែងចែកជា3ប្រភេទខុសគ្នា ទៅតាមស៊េរី គឺមានប្រភេទ Toyota Safety Sense 2.0 (មានបច្ចេកវិទ្យាទាំង6ខាងលើ) ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense Package (មានបច្ចេកវិទ្យាខាងលើចំនួន4 ដោយដក LTA និងRSA ចេញ) និង Toyota Safety Sense C (មានបច្ចេកវិទ្យា3 ក្នុងចំណោមបច្ចេកវិទ្យាទាំង6ខាងលើ គឺPre-Collision System, Lane Departure Alert, and Automatic Headlights) ។
សម្រាប់បច្ចេកវិទ្យា Toyota Safety Sense 2.0 មានបំពាក់លើរថយន្ត Toyota Corolla, Mirai, និង Toyota Rav4/ Rav4 HV ។ ដោយឡែក សម្រាប់ច្ចេកវិទ្យា Toyota Safety Sense Package មានលើរថយន្ត Toyota Land Cruiser, Highlander/Highlander HV, Camry/Camry HV, Avalon/Avalon HV, C-HR, Prius/Prius Prime, Sequoia, Sienna, Tacoma, និង Toyota Tundra ។ ចំពោះបច្ចេកវិទ្យា Toyota Safety Sense C មានបំពាក់លើរថយន្ត Toyota Prius C និង Toyota Yaris Hatchback តែប៉ុណ្ណោះ៕