គិតមកទល់ពេលនេះ រយៈពេល5ឆ្នាំហើយ ដែលក្រុមហ៊ុនរថយន្ត Hyundai ប្រកាសពីគំរូរថយន្ត Pick Up ដំបូងបំផុតរបស់ខ្លួនថា នឹងចេញលក់លើទីផ្សារ ធ្វើឲ្យអតិថិជនអន្ទះសារចង់ឃើញពីរូបរាងដ៏ស្រស់ស្អាតមួយនេះ។ កាលពីចុងឆ្នាំ2019កន្លងទៅ អ្នកតាមដានពីការផលិតរថយន្តមូយចំនួន បានអះអាងថា រថយន្ត Pick Up Hyundai Santa Cruz អាចនឹងបង្ហាញខ្លួនលើកដំបូងបំផុតនៅ រដ្ឋAlabama សហរដ្ឋអាមេរិក ហើយថា រថយន្ត Hyundai Truck នេះ ទំនងជាផលិតចេញមក ក្នុងទំហំតូចជាងប្រភេទរថយន្ត Pick Up Chevy Colorado, Ford Ranger, GMC Canyon, Honda Ridgeline, Jeep Gladiator, Nissan Frontier និងរថយន្ត Toyota Tacoma ជាដើម។
ស្ថិតក្នុងអន្តរកាលនៃការរងចាំ ចង់ដឹង ចង់ឃើញពីរូបរាងពិតប្រាកដរបស់រថយន្តស៊េរីថ្មី Hyundai Santa Cruz នេះ ស្រាប់តែមានរូបភាពបែកធ្លាយជាច្រើនសន្លឹក ត្រូវបានគេលួចថតបាន ហើយត្រូវគេដាក់ការសង្ស័យថា រថយន្តដែលកំពុងជិះបើកលេងកាត់ព្រិល បែកទឹកកកខ្ចាយនោះ គឺ Hyundai Santa Cruz តែម្ដង។
រូបថតរថយន្ត ដែលត្រូវគេលួចប្រមាញ់បាននោះ មានការបិទបាំងខ្លះៗ ប៉ុន្តែរូបភាពផ្នែកខាងមុខរបស់រថយន្តកំពុងរត់កាត់ព្រិលនេះ អាចឲ្យគេប៉ាន់ស្មានថា គឺជាប្រភេទរថយន្ត Pick Up មួយរយភាគរយ ហើយផ្នែកខាងមុខ ទៀតសោត មានការឌីហ្សាញកាត់ទៅរករថយន្ត Hyundai Kona ថែមទៀតផង។ មតិខ្លះទៀត ថាផ្នែកខាងមុខនេះ កាត់ទៅរករថយន្ត Hyundai Tucson ច្រើនជាង ហើយថារថយន្ត Pick Up Hyundai Santa Cruz នេះ នឹងបំពាក់ប្រភេទម៉ាស៊ីន Theta3 ចំណុះ 2.5លីត្រ ស៊ីឡាំង4 និងមានប្រអប់លេខ 8លេខអូតូ។ ទោះបីជា មិនមានប្រភពផ្លូវការ បញ្ជាក់ពីថ្ងៃបង្ហាញខ្លួនរបស់រថយន្ត Hyundai Santa Cruz ក៏ដោយ តែមជ្ឍដ្ឋានទូទៅ បានព្យាករណ៍ថា ការដាក់បង្ហាញជាសាធារណៈនៃរថយន្តស៊េរីថ្មីនេះ អាចនឹងធ្វើឡើងនៅចុងឆ្នាំ 2020នេះ៕