កាលពីឆ្នាំ2019 4Runner លក់ដាច់រហូតដល់ 131,000គ្រឿង លើទឹកដីអាមេរិក តាមពីក្រោយចំនួនលក់ប្រចាំឆ្នាំ2018 ដែលរថយន្តរបស់ក្រុមហ៊ុន Toyota ដដែលនេះ លក់បាន 139,000គ្រឿង ហើយទទួលបានជោគជ័យលើការបំបែកកំណត់ត្រាលក់ដាច់ជាប្រវត្តិសាស្ត្រលើរថយន្តម៉ូឌែលនេះ ជាង35ឆ្នាំកន្លងមកនេះ។
ដើមឆ្នាំ2020នេះទៀតសោត រថយន្ត Toyota 4Runner TRD Pro ស៊េរីចុងក្រោយ ឆ្នាំ2020 ដែលបន្ថែមជម្រើសពណ៌ត្រីអ៊ី(ពណ៌ទាហ៊ាន)នេះ កំពុងទទួលការបញ្ជាទិញជាហូរហែក្នុងទីផ្សាររថយន្តសហរដ្ឋអាមេរិក រហូតជាប់ងារថា ជាប្រភេទរថយន្ត SUV ដ៏លេចធ្លោរមួយនាដើមឆ្នាំនេះ។ តើចំណុចទាក់ទាញអ្វីខ្លះ ធ្វើឲ្យរថយន្ត Toyota 4Runner TRD Pro ឆ្នាំ2020 ក្រសោបប្រជាប្រិយភាពកាន់តែខ្លាំងដូច្នេះ?
1. ការឌីហ្សាញចេញមករាងកាចសឹងគ្រប់កន្លែង
ដោយសារតែពណ៌ខាងក្រៅ ជាពណ៌ត្រីអ៊ី គួបផ្សំនឹងការឌីហ្សាញរូបរាងចេញមកអំណាចជាងមុន លំអរដោយយ៉ាន់ និងកង់ជាប្រភេទ off-road ពណ៌ខ្មៅក្រឹប ដំបូលខាងលើមានតំឡើងមកនូវកាងសម្រាប់ផ្ទុកឥវ៉ាន់មកស្រាប់ ប៉ាណាមុខរាងសំណាញ់ៗរំលេចដោយអក្សរឡូហ្គូ Toyota ផ្នែកខាងក្រោមម៉ាស៊ីនមានបន្ទះលោហៈការពារការកកិតឆ្កូត បានប្រែក្លាយរថយន្ត Toyota 4Runner TRD Pro ឆ្នាំ2020 ជាប់ជារថយន្តគោលដៅសម្រាប់អ្នកចូលចិត្តបើកបរលើគ្រប់ស្ថានភាពផ្លូវ។
2. មានសមត្ថភាពពុះពារបានគ្រប់ស្ថានភាពផ្លូវ
ក្រុមហ៊ុនToyota ផលិត 4Runner TRD Pro ឆ្នាំ2020 នេះមក ផ្ដោតសំខាន់លើការធ្វើការងារធ្ងន់ៗ ប្រឡូកប្រឡាក់បានគ្រប់ស្ថានភាពផ្លូវតែម្ដង។ ប្រព័ន្ធគ្រឿងក្រោម បូមប្រភេទ FOX Shockនិងយ៉ាន់Alloy ទំហំ 17អ៊ីញ កង់រថយន្តប្រភេទ Nitto Terra Grappler គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់យកទៅវឹកវឺនគ្រប់ផ្លូវលំបាកៗ មិនចាំបាច់ថ្នមកម្លាំងឡើយ។ ក្នុងនោះមុខងារសម្រាប់បើកបរ ក៏ត្រូវបានបំពាក់នូវ Multi-Terrain មានន័យថា អ្នកបើកបរ អាចសារ៉េជ្រើសរើសឲ្យរថយន្តធ្វើការ ស្របទៅតាមស្ថានភាពផ្លូវ មិនថាផ្លូវចុះទឹក ឡើងចំណោត ផ្លូវភក់ ខ្សាច់ ឬផ្លូវរអិលនោះទេ។
3. ប្រើប្រាស់បច្ចេកវិទ្យាខាងក្នុងទាន់សម័យ
Toyota 4Runner TRD Pro ឆ្នាំ2020 បំពាក់ដោយម៉ាស៊ីនទំហំ 4.0លីត្រ ស៊ីឡាំង6 អាចបញ្ចេញកម្លាំងដល់ 270សេស ប្រើ5លេស ស្វ័យប្រវត្តិ។ កាប៊ីនខាងក្នុង បំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយគ្រប់គ្រាន់យ៉ាងទាន់សម័យ ដូចជា៖ អាចប្រើជាមួយ Apple CarPlay, Android Auto មានSpeaker JBL Systemចំនួន15 គ្រាប់ មានប្លូធូស, Wifi មានកម្ដៅកៅអី ដំបូលបើកបាន ទាំងអស់នេះហើយ ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ 4Runner TRD Pro ជាប់ក្នុងតារាងប្រជាប្រិយភាពសម្រាប់ប្រជាជននៅអាមេរិកកាន់តែខ្លាំងឡើងៗ។
4. មានទំហំធំទូលាយល្អ
4Runner 2020 មិនត្រឹមតែជារថយន្តប្រភេទ off-road តែមួយមុខទេ តែក៏អាចប្រើបានជាលក្ខណៈរថយន្តបែបគ្រួសារយ៉ាងទាន់សម័យផងដែរ។ ផ្នែកខាងក្រោយមានទំហំធំទូលាយល្អ កៅអីជួរក្រោយអាចបត់ចុះឲ្យរាបស្មើបាន បាតរថយន្តខាងក្រោយមានក្ដាអាចចល័តចេញក្រៅបាន ងាយស្រួលដល់ការអង្គុយលេង កញ្ចក់ទ្វារក្រោយ ខាងលើអាចបើកបាន ងាយស្រួលដល់ការលើកដាក់ឥវ៉ាន់ ដោយមិនចាំបាច់បើកទ្វារឡើយ។
5. តម្លៃសមនឹងសមត្ថភាព
ក្រុមហ៊ុនតូយូតា លើកនេះ ហាក់ដូចជាលះបង់ច្រើន លើការបំពាក់នូវបច្ចេកវិទ្យា និងការកែខៃលើរថយន្ត Toyota 4Runner TRD Pro ឆ្នាំ2020នេះ។ ទោះបីជាការចំណាយលើថ្លៃដើមផលិតខ្ពស់ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនបានដាក់តម្លៃលក់ត្រឹមតែ 49,865$ (តម្លៃក្រៅស្រុក)តែប៉ុណ្ណោះ៕