តារាអាមេរិក Paris Hilton ប្រកាសលក់ឡានស្ព័រ Lexus LFA តម្លៃជិតកន្លះលានដុល្លារ

Paris Hilton ប្រកាសលក់​រថយន្តស្ព័រ Lexus LFA

sambo 2019
29 កុម្ភ: 2020
06:16 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

តារាសិល្បៈពហុជំនាញ កញ្ញា Paris Hilton ថ្មីៗនេះ បាន​ប្រកាស​លក់​រថយន្តម៉ាក Lexus LFA ស៊េរីឆ្នាំ2012 របស់ខ្លួន ក្នុង​តម្លៃ​ប្រមាណ 495,900$ ធ្វើឲ្យ​អ្នកតាមដាន​ព័ត៌មានតារាៗមួយចំនួនផ្ទុះការ​ចាប់អារម្មណ៍យ៉ាងខ្លាំង។

បច្ចុប្បន្ន សិល្បៈករ និង​ជា​ម្ចាស់​សណ្ឋាគារ Hilton Hotel ក្នុង​រដ្ឋកាលីហ្វ័ញ៉ា រូបនេះ ក៏កំពុង​​ប្រើប្រាស់ ប្រភេទ​រថយន្តបែបស្ព័រល្បីៗលំដាប់ថ្នាក់ពិភពលោកមួយចំនួនផងដែរ ដូចជា៖ រថយន្ត Ferrari, Lamborghini និង​ប្រភេទរថយន្ត SUV ប្រណីតៗជាច្រើនស៊េរីទៀត។ ដោយឡែករថយន្ត Lexus LFA ដែល​តារារូបនេះ កំពុង​ប្រកាស​ស្វែងរក​ម្ចាស់​ទី2 នេះ គឺ​ជា​ប្រភេទរថយន្ត​ស្ព័រផលិត​មាន​កំណត់ ដែល​ត្រូវ​បាន​ឌីហ្សាញផ្នែកខាងក្នុង​យ៉ាងស្រស់ស្អាត តាមលំនាំ​រថយន្តស្ព័រតែម្ដង។

Lexus LFA ឆ្នាំ2012 ដែល​តារា​បង្ហាញម៉ូដសិចស៊ីសញ្ញាតិអាមេរិករូបនេះប្រកាសលក់ មាន​ចំណុះម៉ាស៊ីន 4.8លីត្រ ស៊ីឡាំង V10 កម្លាំង553សេស ប្រើ​ប្រអប់លេខ 6ស្វ័យប្រវត្តិ និង​ផលិត​ត្រឹម​តែ 50គ្រឿងតែ​ប៉ុណ្ណោះ។ តារារូបនេះ ក៏ជា​អតិថិជន​ផ្កាប់មុខ របស់​ប្រភេទរថយន្ត Supercar ស្ព័រផលិត​នៅ​ប្រទេស​ជប៉ុន ហើយសម្រាប់រថយន្តម៉ាក Lexus LFA នេះគឺ​ជា​រថយន្ត​ទី2 ហើយដែល​គាត់​ទិញជិះ៕