កំពូលតារារ៉េបលំដាប់អន្តរជាតិ លោក Jay Z ត្រូវបានគេទម្លាយឲ្យដឹងថា សព្វថ្ងៃគាត់កំពុងប្រើប្រាស់រថយន្តម៉ាក Mercedes Maybach Exelero ដែលមានតម្លៃរហូតដល់ 8.8លានដុល្លារ។ យោងតាម ការចុះផ្សាយរបស់ ទស្សនាវត្ដី Forbes នៅអាមេរិច បានបញ្ជាក់ថា គិតត្រឹមឆ្នាំ2020នេះ ម្ចាស់បទចម្រៀង Hard Knock Life និង 99 Problems រូបនេះ មានទ្រព្យសម្បត្តិសរុប 1ពាន់លានដុល្លារសហរដ្ឋអាមេរិច។
ដូច្នេះគិតពីធនធានដែលមានក្នុងដៃ កុំថាឡើយរថយន្តតម្លៃខ្ទង់ជិត 10លានដុល្លារខាងលើ ទោះលើសនេះ ក៏មិនមែនជាបញ្ហាចោទសម្រាប់កំពូលតារារ៉េបស្បែកខ្មៅរូបនេះដែរ។ ងាកមកចាប់អារម្មណ៍នឹងប្រភេទរថយន្តផលិតនៅប្រទេសអាល្លឺម៉ង់ ម៉ាក Mercedes Maybach Exelero វិញ គឺជាប្រភេទរថយន្តដែលថ្លៃជាងគេ ក្នុងចំណោមរថយន្តម៉ាកល្បីៗផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់លោក Jay Z ។ រថយន្តនេះ បំពាក់ដោយម៉ាស៊ីន twin-turo ចំណុះ 5.9លីត្រ ស៊ីឡាំង12 កម្លាំង 690សេះ និងមានកម្លាំងរមួយដល់ទៅ 752ញ៉ូតុនម៉ែត្រ។ ល្បឿនអតិបរិមារថយន្តនេះ អាចបើកបានរហូតដល់ 350 km/h ហើយមានទម្ងន់សរុបដល់ទៅ 2,660kg។
រថយន្តដ៏ប្រណីតនេះ លំដាប់អភិជននេះ ត្រូវបានក្រុមហ៊ុន Mercedes-Benz ផលិតក្នុងចំនួនកំណត់ រង្វង់ជាង 10គ្រឿងប៉ុណ្ណោះ។ រថយន្តនេះ ត្រូវបានគេលក់ទៅឲ្យបុគ្គលល្បីៗ ដោយលាក់ការសម្ងាត់ មិនសូវឲ្យខ្ចរខ្ចាយច្រើនទេ ដើម្បីរក្សាសិទ្ធិឯកជនរបស់អតិថិជនខ្លួន៕
ប្រភព៖ telehealthdave