រថយន្តប្រភេទ Supercar ស៊េរីថ្មី ម៉ាក McLaren 765LT នឹងផលិតចេញមក មានទម្ងន់កាន់តែស្រាលស៊ីដាច់គូរប្រកួតប្រជែងផ្សេងៗ ដោយទម្ងន់សរុបនៃរថយន្តនេះ នឹងកាត់បន្ថយ 80 kg ចេញ នៅសល់ត្រឹម 1,229 kg តែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Mike Flewitt។ CEO រូបនេះ សង្កត់ធ្ងន់ថា៖ ការផលិតរថយន្ត McLaren ស៊េរី ឲ្យកាន់តែស្រាល គឺជាអទិភាពចម្បងរបស់ក្រុមហ៊ុន។ ប៉ុន្តែចំពោះកម្លាំងវិញ នឹងកាន់តែខ្លាំង និងកាន់តែបើកបរបានល្អ សក្តិសមជាប្រភេទរថយន្តប្រណាំង Supercar ដ៏មានអនុភាពដដែល។
រថយន្ត McLaren 765LT ស៊េរីក្រោយ ដែលមានទម្ងន់ខ្លួនសរុប 1តោនជាងនេះ បំពាក់នូវម៉ាស៊ីនប្រភេទ twin-turbo ស៊ីឡាំង8 កម្លាំង 755សេះ នឹងមានទម្ងន់ស្រាលជាង McLaren 720s រហូតដល់ 80 kg ដែលធ្វើឲ្យរថយន្តនេះ មានតួខ្លួនកាន់តែស្រាល និងបើកបរបានកាន់តែលឿន ចាក់ខ្យល់បានកាន់តែល្អ លើសស៊េរីមុនៗថែមមួយកម្រិតទៀត។ អំបូររថយន្ត McLaren ជាទូទៅអាចបើកបរបានដល់ល្បឿន 341 km/h ហើយអាចបង្កើនល្បឿន ពី0-60 mph ត្រឹមតែ 2.9វិនាទីប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្ត Supercar ដដែលនេះ ក៏បានបង្ហើបប្រាប់ពីគម្រោង ផលិតរថយន្តម៉ាស៊ីន hybridized Model ដែរ តែថានឹងចាប់ផ្ដើមផលិតក្នុង ឆ្នាំ2025។ McLaren Automotive គឺជាក្រុមហ៊ុនផលិតរថយន្តបែប Supercars ដ៏ល្បីល្បាញ នៅចក្រភពអង់គ្លេស ហើយរថយន្តរបស់ក្រុមហ៊ុននេះ តែងតែត្រូវបានគេយកទៅចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តធំៗ លំដាប់ពិភពលោក ដូចជា Formula One ជាដើម៕
ប្រភព៖ CarBuzz