ទោះមិនចង់ជឿ តែរឿងនេះ បានកើតឡើងរួចទៅហើយ ដោយក្រុមហ៊ុន Jacob & Co បានផលិតនាឡិកាដៃ តម្លៃថ្លៃលំដាប់ស្ទើរមិនគួរឲ្យជឿង ថ្លៃ 580,000$ ។ ហេតុផលដ៏ចម្បង ដែលធ្វើឲ្យគ្រឿងលម្អកាយ មួយនេះមានតម្លៃខ្ពស់កប់ពពកដូច្នេះ ដោយសារតែ គ្រឿងម៉ាស៊ីនវា ដំណើរការ ដូចទៅនឹងម៉ាស៊ីនរបស់រថយន្តស្ព័រលំដាប់ពិភពលោក hypercar ម៉ាក Bugatti Chiron Super Sport 300+ ។
ចំណុចពិសេសលេចធ្លោរលើនាឡិកាដៃនេះដែរនោះ គឺវាផលិតមកមានចំនួនកំណត់ គឺត្រឹមតែ 18គ្រឿង ខណៈដែលរថយន្ត Chiron Super Sport 300+ ផលិតតែចំនួន 30គ្រឿងប៉ុណ្ណោះ។ មួយវិញទៀត បើនិយាយពីគ្រឿងមានតម្លៃ ដែលលម្អលើនាឡិកានេះវិញ ត្រូវបានផលិតឡើងមានពីរប្រភេទ គឺពណ៌ខ្មៅ (Black DLC Grade 5) មានតួខាងក្រៅជាប្រភេទ Titanium ជាមួយសារធាតុកាបោន Fiber និងមួយទៀត មានតួស្រោបមាសចំនួន 18-karat Rose Gold 5N និងតួខ្លួនលាយ កាបោន Fiber ដូចគ្នា។
ចំណុចដែលគេប្រៀបធៀបនាឡិកានេះ ជាមួយរថយន្តស្ព័រ Bugatti Chiron ដោយសារតែម៉ាស៊ីននាឡិកាតូចនោះ ជាប្រភេទម៉ាស៊ីន W16 ដំណើរការដោយ Twin Turbo Furious ខ្នាតតូច ដូចទៅនឹងម៉ាស៊ីនឡាន តម្លៃ 3.89លានដុល្លារដែរ។ កាន់តែធ្វើឲ្យតម្លៃខ្លួនគ្រឿងអលង្ការនេះ ឡើងថ្លៃកប់ជាងនេះទៀតនោះ គឺដោយសារតែគ្រឿងបង្គុំសរុប ផ្សំឡើងពីសារធាតុផ្សំផលិតចំនួន 832 ប្រភេទខុសៗគ្នា។ ចង់ដឹងដល់ហើយ តើអភិជនណា ដែលនឹងជះលុយជិត 60ម៉ឺនដុល្លារ ទិញនាឡិកាដៃនេះ?
ប្រភព៖ Motor1