ក្រសួងសាធារណការ ប្រកាសប្រូម៉ូសិនលក់ផ្លាកលេខរថយន្តពិសេសបញ្ចុះតម្លៃ 75%

ប្រញាប់ឡើងបងប្អូន!

sambo 2019
28 សីហា 2020
04:35 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រសួងសាធារណៈការ និង​ដឹកជញ្ជូន ទើប​ធ្វើការ​ប្រកាស​លក់​ប្រភេទ​ផ្លាកលេខពិសេសចុះថ្លៃ ដល់ទៅ 75%។ ផ្លាកលេខពិសេសលក់​បញ្ចុះ​តម្លៃ​មិនធ្លាប់មានពីមុនមកនេះ ជាប្រភេទផ្លាកលេខដែលធ្វើនៅរាជធានីភ្នំពេញ អក្សរ BC-1333។ មុន​ប្រកាស​លក់​បញ្ចុះតម្លៃ​ ផ្លាកលេខប្រភេទនេះ ត្រូវ​បាន​ក្រសួងសាធារណៈការ និង​ដឹកជញ្ជូន ដាក់លក់​លើ​ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះ​បញ្ជីរថយន្ត ក្នុងតម្លៃ 4,000,000រៀល តែ​ឥឡូវចុះ​មក​នៅ​ត្រឹមតែ 1,000,000រៀល ប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រសួង ក៏​បាន​បញ្ជាក់ផងដែរថា ផ្លាកលេខរាជធានី-ខេត្ត ក៏នឹង​ត្រូវ​ប្រកាស​ដាក់លក់​បញ្ចុះតម្លៃ តាមស៊េរីជាបន្តបន្ទាប់ថែមទៀតផង ដូចជា ផ្លាកលេខថយ1ស៊េរី ចុះតម្លៃ 50%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%។

រូបភាព Automotive Cambodia

គួរបញ្ជាក់ថា «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានក្រសួងសាធារណៈការ និង​ដឹកជញ្ជូន បោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី 1ខ្ទង់ ដល់ត្រឹម 8ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ ម្ចាស់រថយន្តអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។ ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ ក្នុងរយៈពេលប្រមាណ៥ខែចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ចុងខែឧសភា ឆ្នាំ២០២០ ក្រសួងសារធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ១,៤៣២ផ្លាក បានថវិកាប្រមាណ ១៦ពាន់លានរៀល ស្មើនឹងប្រមាណ ៤លានដុល្លារអាមេរិក៕


ប្រភព៖ MPWT