ទៀតហើយ! ប្រទះឃើញរូបរាងរថយន្ត Ford F-150 Fake នៅស្រុកកឺកឺ

កឺកឺ លេងទៀតហើយនេះ

sambo 2019
15 កញ្ញា 2020
10:28 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

អាចមិនមែនជា រឿង​ចម្លែកប៉ុន្មាននោះទេ ដែល​រថយន្ត​សឹងតែ​គ្រប់ម៉ាកនៅ​ជុំវិញពិភពលោក ត្រូវ​បាន​គេ​រកឃើញថា មាន​ផលិត​សឹង​តែ​ដូចគ្នា នៅ​ក្នុងប្រទេសចិន។ ថ្មីៗនេះ រថយន្តផលិត​នៅប្រទេសចិន​មួយប្រភេទ ត្រូវ​បាន​គេ​ប្រទះឃើញថា ផលិត​ចេញមក មាន​រូបរាង ដូចទៅនឹងរថយន្ត Ford F-150 និង F-150 Raptor ស្ទើរតែទាំងស្រុង។

រថយន្តដែល​រងការ​ចោទប្រកាន់ថា កំពុងតែ​យក​លំនាំ Copy Paste នេះ ឈ្មោះ Foton ។ ចុង​ខែ​នេះ Foton ក៏នឹង​ត្រូវ​បាន​ក្រុមហ៊ុនផលិតរថយន្តនេះ ត្រៀម​យក​ទៅ​ដាក់​តាំងពិព័រណ៍រថយន្ត ក្នុងព្រឹត្តិការណ៍ The Beijing Auto Show ផងដែរ។ ទោះ​បី​ជា មាន​រូបរាងដូច​កូនភ្លោះទៅនឹងរថយន្ត F-150 ក៏ Foton មិនត្រូវ​បាន​បំពាក់ប្រភេទម៉ាស៊ីន V8ដែរ។ Foton បំពាក់ត្រឹម ម៉ាស៊ីន 2.0L ស៊ីឡាំង4 កម្លាំង 283សេះ ប្រើ​ប្រអប់លេខ 8អូតូ។

គេ​នៅ​មិន​ច្បាស់ថា តើ​ក្រុមហ៊ុនរថយន្ត Ford នឹង​យកចិត្ត​ទុកដាក់ចំពោះករណី ចម្លងកម្មសិទ្ធិបញ្ញានេះ ដូចទៅនឹង​ក្រុមហ៊ុន Jaguar Land Rover ដែរឬយ៉ាងណាទេ។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំ2020 ក្រុមហ៊ុន Jaguar Land Rover របស់អង់គ្លេសក៏ទើប​នឹង​ឈ្នះក្ដី​លើ​រថយន្តម៉ាក Land Wind X7 ផលិតនៅប្រទេសចិន ដែលរងការ​ចោទប្រកាន់ថា បានក្លូនរថយន្ត Range Rover Evoque របស់ខ្លួន។ រឿងក្ដីក្ដាំនេះ ស៊ីពេលក្រុមហ៊ុន Jaguar Land Rover តស៊ូក្ដីអស់រយៈពេលជាច្រើនឆ្នាំ ទម្រាំឈ្នះ៕

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក