Automotive News Europe បានរាយការណ៍ថា រថយន្តម៉ាក Lexus ចំនួន 3ស៊េរី រួមមាន Lexus, RC, IS និង CT នឹងមិនមានវត្តមានលើទឹកដីប្រទេសប៉ែកអឺរ៉ុបទៀតទេ។ ហេតុផល គឺដោយសារតែរថយន្តទាំងនេះ លក់មិនសូវដាច់ ដូច Lexus ស៊េរីផ្សេងៗ នារយពេលប៉ុន្មានចុងក្រោយនេះ។
កាលពីអំឡុងឆ្នាំ 2011 រថយន្ត Lexus ប្រភេទ hatchback ទាបៗ ដូចជា Lexus CT ជាដើម ហាក់មានទីផ្សារខ្លាំងនៅអឺរ៉ុប តែបច្ចុប្បន្ន ទីផ្សារលក់ចេញ ដូចជាដើរបញ្ច្រាស់ទៅវិញ។ ទន្ទឹមគ្នានេះ សម្រាប់ Lexus IS វិញ ក៏មិនសូវមានដំណឹងលក់ចេញបានច្រើនផងដែរ។ រយៈពេល 11ខែ ក្នុងឆ្នាំ 2020នេះ IS លក់ចេញបានត្រឹមចំនួន 1,101គ្រឿងប៉ុណ្ណោះ។ ហើយបើនិយាយដល់ Lexus RC វិញ ឃើញថាលក់បានតែ 422គ្រឿង ក្នុងរយពេល 8ខែ ក្នុងឆ្នាំនេះ។
ក្រាបនៃការលក់ចេញ ដាំក្បាលចុះនេះហើយ ទើបក្រុមហ៊ុម Lexus សម្រេចចិត្តផ្អាកការផលិតរថយន្ត ម៉ូឌែល RC, IS និង CT ចូលទៅទីផ្សារអឺរ៉ុបសិន។ ជាសំណាងល្អ ឡាន Lexus ប្រភេទ SUV ម៉ូឌែល UX, NX និង RX នៅតែបន្តលក់ដាច់ខ្លាំង ទាំងទីផ្សារអឺរ៉ុប និងប្រទេសផ្សេងៗ។ គិតត្រឹមរយពេល 8ខែ ក្នុងឆ្នាំ2020 នេះ Lexus UX លក់បានដល់ទៅ 10,291គ្រឿង ហើយ NX លក់បាន 7,739គ្រឿង ស្របពេលដែល Lexus RX លក់បាន 3,474គ្រឿង៕
ប្រភព៖ CarBuzz