Ford កំពុងបាក់ចិត្តស្រលាញ់លើ​គម្រោងឡាន​ប្រើ​អាគុយសុទ្ធដូចក្រុមហ៊ុន Tesla ដែរ

គូរប្រជែងជាមួយ Tesla ហើយចឹង

sambo 2019
17 វិច្ឆិកា 2020
10:50 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

មកទល់បច្ចុប្បន្ននេះ សឹងតែ​មិន​មានក្រុមហ៊ុនរថយន្តណា ដែល​ថា​មើលរំលង គម្រោង​ផលិត​រថយន្តប្រើប្រាស់​រថយន្តប្រើ​អាគុយ និងអគ្គិសនីឡើយ។ ក្នុងនោះដែរ ឮថាក្រុមហ៊ុនរថយន្ត Ford ក៏​កំពុង​ពិចារណា​លើ​គម្រោងប្រើប្រាស់​អាគុយដូចទៅនឹង ក្រុមហ៊ុនផលិតរថយន្តមិនចាក់សាំងរបស់ Tesla ដែរ។ «ពួកយើងកំពុងសិក្សាពី​គម្រោង​ប្រើប្រាស់អាគុយសុទ្ធនេះដែរ ពួកយើងគិតថារថយន្តសាកអគ្គិសនីនឹង​កាន់តែពេញនិយម​ទៅថ្ងៃមុខ»។ នេះ​ជា​ការ​លើកឡើងរបស់ លោក Jim Farley នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ Reuters។

អ្នកវិភាគសម្លឹងឃើញថា យ៉ាងយូរត្រឹមឆ្នាំ 2025 ខាងមុខ ប្រភេទរថយន្តសាកថាមពលអគ្គិសនីនឹង​មាន​ការ​ប្រើប្រាស់កាន់តែច្រើនឡើង នៅ​ជុំវិញពិភពលោក។ សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗ ដូចជា GM និង Hyundai របស់កូរ៉េជាដើម សុទ្ធតែ​បាន​ផលិត​រថយន្ត EV របស់ខ្លួនលក់​នៅ​លើទីផ្សារ​រួចមកហើយ។ ដោយឡែក សម្រាប់ក្រុមហ៊ុន Ford វត្តមានរបស់ Ford Mustang Mach-E និង E-Transit ត្រូវ​បាន​គេ​មើលឃើញថា ជា​ការ​រំកិលខ្លួនកាន់តែ​កៀក នឹង​គម្រោង​ផលិត​ប្រភេទឡានមិនសាំងនេះផងដែរ។

កាលពីពេលថ្មីៗកន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន Ford ដដែល គឺលោក Jim Farley ក៏ធ្លាប់បាន​ព្រលយឲ្យ​ដឹងថា បើបើកគម្រោង​ផលិត​ឡានអាគុយសុទ្ធ ឬ​ផលិត​អាគុយឡាន​ដោយខ្លួនឯង អាច​នឹង​ត្រូវ​ចំណាយលុយក្រុមហ៊ុនដល់ទៅរាប់ពាន់លានដុល្លារ។ ប៉ុន្តែ​ពេលនេះ ប្រហែល​ជា Ford អាច​នឹង​ពិចារណាលើ​ការ​បញ្ជាទិញត្រឹមអាគុយពីក្រុមហ៊ុនធំៗដែលមានស្រាប់ មកដំឡើងជាមួយរថយន្តខ្លួន ឬក៏យ៉ាងណា? ចម្លើយគឺនៅមិនទាន់ផ្លូវការនៅឡើយ ប៉ុន្តែរឿង​អនាគតដ៏ច្បាស់លាស់មួយ គឺថាឡានចាក់សាំង អាចនឹង​ដាច់ពូជបន្តិចម្ដងៗយ៉ាងប្រាកដ​៕

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក