ក្រុមហ៊ុនរថយន្ត Bugatti Chiron លេងឈុតធំងាកទៅផលិតនាឡិកាដៃមួយតម្លៃ 28ម៉ឺនដុល្លារ

បើមានលុយទិញពាក់អត់?

sambo 2019
23 ធ្នូ 2020
03:42 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

Bugatti Chiron Tourbillion ជានាឡិកាដៃដ៏មានតម្លៃថ្លៃកប់ពពក ដែលក្រុមហ៊ុនផលិតរថយន្ត Bugatti Chiron ទើបសហការជាមួយក្រុមហ៊ុនផលិតនាឡិកា Jacob & Co ។ នាឡិកាលំដាប់អភិជន ផលិតដោយក្រុមហ៊ុនរថយន្តលំដាប់កំពូលពិភពលោកដែរនេះ ផលិតមកមានចំនួនកំណត់ (limited edition) គឺត្រឹមតែ 250គ្រឿងប៉ុណ្ណោះ។

គោលគំនិតនៃការឌីហ្សាញនាឡិកានេះ យកចេញពីលំនាំ​នៃ​រូបរាងរបស់រថយន្ត Bugatti Chiron ជាពិសេសផ្នែកម៉ាស៊ីនតែម្ដង។ ផ្នែកខាងក្នុងរបស់ម៉ាស៊ីននាឡិកានេះ យកលំនាំរូបរាងទៅតាមម៉ាស៊ីន Bugatti សុទ្ធសាធ ហើយប្រើកម្លាំងដំណើរការម៉ាស៊ីនប្រភេទ turbochargers ថែមទៀតផង។ ផ្នែកខាងក្នុងម៉ាស៊ីនរថយន្ត មានចលនាឡើងចុះតិចៗ ប្រៀបបាននឹងស៊ីឡាំងរបស់រថយន្ត Bugatti Chiron ដែលកំពុងដំណើរការលើដងផ្លូវអ៊ីចឹងដែរ។

នាឡិកាដៃតម្លៃជិត 30ម៉ឺនដុល្លារនេះ ផលិតមកមាន 5ពណ៌ គឺពណ៌ Rose Gold, Rose Gold with diamonds, White Gold, Sapphire Crystal និងពណ៌ Blue ។ ក្នុងចំណោមនាឡិកាតម្លៃថ្លៃសរុបទាំង 250គ្រឿងនោះ ពណ៌ Rose Gold ត្រូវបានផលិតចំនួន 72គ្រឿង។ នាឡិកា Rose Gold នីមួយៗ មានដាំត្បូង 18 ការ៉ាត់ និងមាស 18ការ៉ាត់ផងដែរ៕

ប្រភព៖ Carscoops