ប្លែកជាងឆ្នាំណាៗទាំងអស់ បុណ្យគ្រីស្ទម៉ាសចុងឆ្នាំ2020 នេះ លោកតា Santa Claus បែរជាយកគំរូរថយន្តម៉ាក Lexus HX ធ្វើជាយានជំនិះ ជំនួសឲ្យរទេះអូសដោយក្ដាន់របស់គាត់ទៅវិញ។ សង្ស័យតែរទេះចាស់ខូច កំពុងជួសជុលក្នុងការ៉ាស់ហើយមើលទៅ!
ក្រុមហ៊ុនបានដាក់ឈ្មោះរទេះទំនើបរបស់លោកតា Santa ថា Lexus HX ដែលយកគំរូនៃការឌីហ្សាញខ្លះៗចេញពីរទេះក្ដាន់ និងគំរូរថយន្តអនាគតរបស់ Lexus បញ្ចូលគ្នាតែមួយ។ ខុសពីរទេះតា Santa ដែលរាលដង ធ្លាប់ឃើញគេតុបតែងធ្វើពីឈើ លើកនេះ រទេះទំនើបរបស់គាត់ ត្រូវបានឌីហ្សាញផ្នែកខាងមុខ បែបកាចតាមគោលគំនិតរថយន្ត Lexus ទៅវិញ។ គេឃើញ ប៉ាណាសំណាញ់ផ្នែកខាងមុខ ស្ថិតនៅខាងក្រោមឡូហ្គូ Lexus អមសងខាងដោយអំពូលភ្លើង LED យ៉ាងស្រស់ស្អាតថែមទៀតផង។
មើលយូរៗទើបដឹងថា លោកតា Santa Claus ឆ្នាំនេះ ឡើងស៊េរីរទេះឡើងកប់ឆ្នាំ ស៊ីដាច់គេឯងតែម្ដង។ សូម្បីតែផ្នែកខាងក្នុង ក៏Lexus បំពាក់ជាមួយប្រព័ន្ធបញ្ជា និងបច្ចេកវិទ្យាទំនើបៗ ដូចជាអេក្រង់ touchscreen, ប្រព័ន្ធគ្រប់គ្រងស្កេនភ្លើងចរាចរណ៍ និងប្រព័ន្ធបន្លឺសំឡេងម៉ាក Mark Levinson បែប Surround Sound Audio System យ៉ាងឡូយ មិនចាញ់រថយន្តទំនើបៗនាពេលបច្ចុប្បន្នឡើយ៕
ប្រភព៖ Carbuzz