ទស្សនាវីដេអូ1នាទីពីការបង្ហាញខ្លួនរបស់រថយន្ត Bentley Bentayga ស៊េរីឆ្នាំ2021 ដំបូងបំផុតបំពាក់ប្រព័ន្ធ Hybrid

បន្តិចទៀតប្រហែលមា​ន EV ហើយ

sambo 2019
05 មករា 2021
11:16 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ចាប់ពីស៊េរីឆ្នាំ2021 ទៅ ម្ចាស់រថយន្តប្រណីតម៉ាកBentley នឹង​ទទួលបានការ​បើកបរកាន់តែ​សន្សំសំចៃ និងកម្លាំងម៉ាស៊ីនខ្លាំងលើស Bentley ស៊េរីមុនៗ។ ក្រុមហ៊ុនផលិតរថយន្តម៉ាក Bentley ប្រហែលជាកំពុង​ដើរលើផ្លូវ Hybrid មុន​ឈានទៅ​ផលិត​ប្រភេទរថយន្តសាកថាមពលអគ្គិសនី ដោយមិនប្រើសាំង។ នោះគឺ រថយន្ត Bentley Bentayga Hybrid ស៊េរីឆ្នាំ2021 V6 ដែលត្រៀមនឹង​បង្ហាញខ្លួនជាសាធារណៈ។

រូបភាព Automotive Cambodia


 Bentley Bentayga ប្រើប្រព័ន្ធ Hybrid ជំនួយម៉ាស៊ីន ដោយបំពាក់ម៉ាស៊ីនចំណុះ 3.0L twin-turbocharged ។ ប្រព័ន្ធ Hybrid របស់រថយន្តនេះ ជួយបង្កើនកម្លាំងបន្ថែម 126សេះ បន្ថែមលើកម្លាំងម៉ាស៊ីនអូស ដែលធ្វើឱ្យកម្លាំងសរុបឡើងដល់ 443សេះ។ អរគុណដល់ ថាមពលអាគុយផ្ទុក កម្លាំង 17.3 kWh ធ្វើឱ្យការបើកបរ កាន់តែជួយសន្សំសំចៃ និង​មានភាពងាយស្រួលជាង Bentley ស៊េរីមុនៗយ៉ាងច្រើន។

ក្រោយបំពាក់ជាមួយកម្លាំងជំនួយ Bentayga Hybrid អាច​បង្កើនល្បឿនកាន់តែខ្លាំង។ ពោល គឺអាចបង្កើនល្បឿនពី 0-60 mph ដោយប្រើរយៈពេលត្រឹមតែ 5.2វិនាទី តែប៉ុណ្ណោះ។ ចំពោះកម្លាំងម៉ាស៊ីនរបស់រថយន្ត Bentley ស៊េរីឆ្នាំ2021 នេះ ក្រុមហ៊ុននឹងផលិតមក ដោយផ្ដល់ជម្រើសច្រើនដល់អតិថិជន មានទាំងប្រភេទម៉ាស៊ីន V6 ប្រើ Hybrid ប្រភេទម៉ាស៊ីន V8 ប្រើសាំងសុទ្ធ និងមានដល់ប្រភេទម៉ាស៊ីនធំកប់ ដល់ V12 យ៉ាងពិសេសផងដែរ។

រូបភាព Automotive Cambodia

និយាយដល់ផ្នែកខាងក្នុងវិញ ដូចប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា ប្រភេទរថយន្តលំដាប់អភិជន ផលិត​នៅចក្រភពអង់គ្លេសនេះ តែងតែ​បង្ហាញពីប្រណីតភាព និងភាពលេចធ្លោរ រួមទាំងបច្ចេកវិទ្យាទំនើបផុតលេខ។ ផ្នែកខាងក្នុងសឹងគ្រប់កន្លុកកន្លៀត សុទ្ធតែបំពាក់ទៅដោយប្រភេទស្បែកទន់ល្មើយគួរឱ្យចង់ស្ទាបអង្អែល។ ក្រៅពីបញ្ចេញប្រភេទ Bentley Bentayga Hybrid ឆ្នាំ2021 ក្រុមហ៊ុនក៏នឹងត្រៀមខ្លួនផលិតប្រភេទ Bentley plug-un និងសាកអាគុយសុទ្ធ ចាប់ពីឆ្នាំ 2025 ថែមទៀតផង។ សម្រាប់បច្ចុប្បន្ន Bentley បានបើកចំហរទីផ្សារដល់អតិថិជននៅសហរដ្ឋអាមេរិច អាច​កក់ទុកជាមុន ក្នុងឆ្នាំ2021 នេះបាន៕

រូបភាព Automotive Cambodia

ប្រភព៖ SlashGear