ចាប់កំណើតក្នុងឆ្នាំ2010 មកទល់បច្ចុប្បន្ននេះ រថយន្តស្ព័រប្រភេទ supercar ម៉ាក Lexus LFA មានអាយុ 1ទសវត្សហើយ នេះក៏ជាពេលដែលត្រូវផ្លុំទៀនអបអរខួបកំណើតរបស់ខ្លួនដែរ។ ក្រុមហ៊ុនផលិតរថយន្ត Lexus នៅជប៉ុនក៏បានធ្វើកម្មវិធីខួប ដោយមាននំខេក ដុតទៀនខួបកំណើតចំនួន 10ដើម រួចបើករថយន្ត LFA ជាន់ហ្គែរ ពន្លត់ទៀនជ័យយ៉ាងរំភើយ។
ក្នុងអំឡុងឆ្នាំ 2010 រថយន្តប្រណាំងកាត់ស្ព័រ Lexus LFA ដែលកើតក្នុងត្រកូលរថយន្តស្ព័រលំដាប់អភិជននេះ ត្រូវបានក្រុមហ៊ុនផលិតសាកល្បងត្រឹមតែ 500គ្រឿងសិនប៉ុណ្ណោះ។ ពេលនោះ រថយន្តនេះ បំពាក់មកជាមួយប្រភេទម៉ាស៊ីនទំហំធំ 4.8L ស៊ីឡាំង 10 និងមានកម្លាំងដល់ទៅ 560សេះ ហើយអាចរត់បានល្បឿនដល់ 325 km/h។ ចំពោះការបង្កើនល្បឿន LFA អាចជាន់ពីកុងទ័រ 0-100 km/h ដោយប្រើរយៈពេលត្រឹមតែ 3.7វិនាទីតែប៉ុណ្ណោះ។
រំលឹកដល់ប្រវត្តិដើម មុនក្រុមហ៊ុន Toyota សម្រេចចិត្តផលិតរថយន្ត Lexus LFA គឺគំរូរថយន្តនេះ ត្រូវបានគេយកទៅតាំងបង្ហាញក្នុងកម្មវិធី Tokyo Motor Show Lexus កាលពីឆ្នាំ 2009 នៅប្រទេសជប៉ុន ហើយឃើញថា ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលរួម និងសាធារណៈជន។ ក្រោយមកទៀត ក្នុងឆ្នាំ2010 ក្រុមហ៊ុនក៏សម្រេចផលិត Lexus LFA មកតែម្ដង ប៉ុន្តែពេលនេះ ផលិតមានកំណត់ គឺត្រឹមចំនួន 500សិនប៉ុណ្ណោះ៕
ប្រភព៖ Carscoops