ប្អូនស្រីពៅរបស់កំពូលតារាចម្រៀងអាមេរិច Britney Spears កំពុងដាក់បន្ទុកធ្ងន់ទៅលើរថយន្តសាកភ្លើង តែមិនប្រើសាំងរបស់ក្រុមហ៊ុន Tesla ថាជាដើមចមនៃការបើកកិនឆ្មាចិញ្ចឹមនៅផ្ទះរបស់នាងស្លាប់អស់ជាបន្តបន្ទាប់សរុបចំនួន 9ក្បាល ។ Jamie Lynn Spears ប្អូនស្រីបង្កើតរបស់តារាចម្រៀង Britney Spears លើកឡើងថា ដោយសារតែឡានបើកបរស្វ័យប្រវត្តិរបស់មហាសេដ្ឋីលេខ1 លំដាប់ពិភពលោក លោក Elon Musk បើកបរស្ងាត់ពេកទើបបណ្ដាលឱ្យកិនឆ្មាផ្ទះនាងស្លាប់រហូត។
កញ្ញា Jamie Lynn Spears បានសរសេររៀបរាប់លើបណ្ដាញសង្គម Instagram របស់ខ្លួនថា៖ រថយន្តសាកអគ្គិសនី និងបើកបរដោយស្វ័យប្រវត្តិ Tesla ជាឃាតករសម្លាប់ឆ្មានាងលាក់មុខ (Secret cat Killer) ដោយសារតែវាបើកបរដោយគ្មានសំឡេង ស្ងាត់ឈឹង ហើយគ្មានមុខងារប្រាប់ដំណឹងគ្រោះថ្នាក់ពេលចូលចតក្នុងចំណតក្នុងផ្ទះសោះ។ យ៉ាងណាមិញ នាងក៏ទទួលស្គាល់ដែរថា នាងក៏មានការធ្វេសប្រហែសដែរ ពេលបើកឡានចូលផ្ទះព្រោះមិនបានក្រឡេកមើលឆ្មានៅផ្ទះឱ្យបានសព្វ។
ក្រៅពីការស្ដីបន្ទោស កញ្ញា ក៏បានជម្រុញឱ្យលោក Elon Musk ស្វែងរកដំណោះស្រាយលើបញ្ហានេះផង ដើម្បីបញ្ជៀសកុំឱ្យមានរឿងនេះកើតឡើងទៀត។ មហាសេដ្ឋីមានជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន លោក Elon Musk មិនទាន់មានការឆ្លើយតបណាមួយ ទៅកាន់ប្អូនស្រីរបស់ Britney Spears នៅឡើយទេ។ ប៉ុន្តែគេដឹងថា លោកក៏កំពុងតែធ្វើការអភិវឌ្ឍន៍លើបច្ចេកវិទ្យានៃរថយន្តរបស់ខ្លួនកាន់តែខ្លាំងឡើង និងដោះស្រាយបញ្ហាដែលបានកើតឡើងជាច្រើនករណីទៀត ព្រោះនេះមិនមែនជាលើកទី1 ទេ ដែលមានអតិថិជន Tesla រិះគន់៕
ប្រភព៖ Carbuzz