ថ្មីចែស! អត់និយាយលេងទេ ការសិក្សាថ្មីបង្ហាញថាអ្នកជិះរថយន្ត Toyota Prius មានចិត្តស្មោះមិនងាករេ

ត្រូវប៉ាន់ម្ចាស់ឡានព្រូសហើយ

sambo 2019
21 មករា 2021
03:39 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

លើកនេះអត់និយាយលេងទេ! ការសិក្សាថ្មីមួយ ចេញដោយស្ថាប័ន iSeeCars នៅសហរដ្ឋអាមេរិច រកឃើញថា ម្ចាស់រថយន្តម៉ាក Toyota Prius រហូតដល់ទៅ 13.7% ស្រលាញ់ស្មោះស្ម័គ្រនឹងរថយន្តខ្លួនមិនងាយដូរស៊េរីឡើយ។ របាយការណ៍ដដែល ចង្អុលបង្ហាញថា យ៉ាងហោចណាស់ម្ចាស់រថយន្តម៉ាកព្រូស នៅអាមេរិចបន្តកាន់ចង្កូតឡានខ្លួនដល់ 15ឆ្នាំឯណោះ។

រូបភាព Automotive Cambodia

នេះមិនមែនជារឿងចៃដន្យទេ តែជាការពិតមួយ ចេញពី​ការសិក្សាស្រាវជ្រាវជាក់លាក់បែបគុណភាព និងប្រកបដោយវិទ្យាសាស្ត្រ។ ក្រៅពីរថយន្ត Prius រថយន្តដែល​មានអ្នកជិះយិនស៊ិនយូរឆ្នាំលេខរៀងបន្តបន្ទាប់ នៅតែជាម៉ាករបស់ក្រុមហ៊ុន Toyota ដដែល ដូចជា៖ Toyota Highlander មានចំនួនអ្នកប្រើប្រាស់រហូតដល់ 12.4% រថយន្ត Toyota Tacoma 11.6%, Toyota Sienna 11.5%, Toyota Tundra 11.3%។ និយាយរួមក្នុងចំណោមរថយន្តដែលមានអ្នកប្រើប្រាស់យូរៗជាងគេទាំង10នោះ សុទ្ធតែម៉ាក Toyota លើកលែងតែម៉ាក Subaru forester មាន 9.8% ជាប់លេខរៀងទី8។

និយាយដល់ចំណុចនេះ ម្ចាស់រថយន្តព្រូសទាំងឡាយ ប្រហែលជាលួចញញឹមសប្បាយចិត្តមិនខាន តែវាជារឿងពិតមិនអាចប្រកែកបាន។ នេះបើយោងតាមការចាត់ថ្នាក់ម្ចាស់រថយន្ត 10ប្រភេទ ដែលបន្តប្រើរថយន្តខ្លួនចាប់ពី 15ឆ្នាំ ឬលើសនេះ។ ក្រឡេកមកមើល ទំនោរអ្នកប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជាយើងសព្វថ្ងៃ ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញក៏និយមប្រើប្រាស់រថយន្តប្រើប្រព័ន្ធអាគុយហាយ៍ព្រីតនេះច្រើនគួរសមផងដែរ។ និន្នាការនេះ ក៏ដោយសាររថយន្ត Toyota Prius ជារថយន្តមួយទឹកដែលមានតម្លៃសមរម្យ រូបរាងស្រស់ស្អាត ជួយសន្សំសំចៃបានខ្ពស់ មានភាពទំនើប ទូលាយ ប្រើប្រាស់ធន់មិនងាយខូច បង់ពន្ធផ្លូវថោក សំបូរគ្រឿងបន្លាស់ ស៍័ក្តិសមសម្រាប់ចរាចរណ៍ និងស្ថានភាពផ្លូវនៅកម្ពុជា និងមនុស្សគ្រប់វ័យ៕

ប្រភព៖ ​Carscoops