រឿងរ៉ាវស្ទាក់ប្លន់ ធ្វើស៊ីរថយន្តនៅប្រទេសអាហ្វ្រិកខាងត្បូង បានក្លាយជាប្រធានបទក្ដៅ និងបង្កការភ័យខ្លាចជាខ្លាំងដល់អ្នកបើកបរនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការណ៍នេះ បានបង្ខំឱ្យក្រុមហ៊ុន Ford Motor ផលិតរថយន្ត Ford Ranger របស់ខ្លួន ជាប្រភេទឡានក្រោះ មានសមត្ថភាពអាចការពារការប៉ុនប៉ងបាញ់ប្រហារប្លន់រថយន្ត ឬដាក់បង្កៃគ្រាប់បែកដៃបានថែមទៀតផង។
របកគំហើញថ្មី ផលិតឡាន Ford Ranger ការពារគ្រាប់កាំភ្លើងនេះ ជាការសហការគ្នារវាងក្រុមហ៊ុនរថយន្ត Ford និង ក្រុមហ៊ុនជំនាញខាងផលិតគ្រឿងបរិក្ខាររថយន្តការពារគ្រាប់ SVI Engineering។ ក្រុមហ៊ុននេះ មានបទពិសោធន៍បំពាក់អាវក្រោះរថយន្តតាំងពីឆ្នាំ 2004 មកម៉្លេះ។ អាវគ្រោះការពារគ្រាប់កាំភ្លើង និងគ្រាប់បែកដៃ ពីពួកឧក្រិដ្ឋជននៅអាហ្វ្រិកខាងត្បូងនេះ ផលិតឡើងជាប្រភេទ B4 និង B6 ផ្ដល់នូវសុវត្ថិភាពខ្ពស់បំផុតពេលបើកបរ។
ប្រព័ន្ធការពារគ្រាប់ទាំងនេះ នឹងត្រូវបំពាក់លើរថយន្ត Ford Ranger ដូចជាផ្នែកកញ្ចក់ ទ្វារ ការពារផ្នែកគម្រប់អាគុយ និងប្រព័ន្ធ ABS ជាដើម។ ចំពោះតម្លៃលើការបំពាក់ប្រព័ន្ធសុវត្ថិភាពទាំងអស់នេះ មានតម្លៃចាប់ពី 15,550$ (មិនគិតបូកតម្លៃរថយន្ត) សម្រាប់ការការពារដល់គម្របទ្រង់រថយន្តខាងក្រោយ និងតម្លៃ 45,654$ សម្រាប់អាវក្រោះការពារដល់គម្របទ្រង់រថយន្តខាងក្រោយ 2ជាន់៕
ប្រភព៖ Carbuzz