អ្នកឌីហ្សាញម៉ូដរថយន្ត វ័យ 30ឆ្នាំ លោក Tom Liu ជាអនិកជនចិនរបស់នៅសហរដ្ឋអាមេរិច ជំនាញខាងឌីហ្សាញ បានបង្ហាញគម្រោងរបស់ខ្លួនថា លោកនឹងឌីហ្សាញរូបរាងរថយន្ត Ford Raptor 2021 ឱ្យមានមុខងារអាចហោះហើរលើវេហារបាន ដូចតួ Hero Iron man ក្នុងរឿងកុនអ៊ីចឹង។ នេះពិតជាមហិច្ឆិតា សឹងមិនគួរឱ្យជឿ ដែល Liu លាតត្រដាងទៅកាន់បណ្ដាញសារព័ត៌មាន Detroit Free Press។ តាំងពីតូចមក បុរសវ័យ 30ឆ្នាំរូបនេះ ជាមនុស្សចូលចិត្តទស្សនាភាពយន្តបែបវិទ្យាសាស្ត្រច្នៃប្រឌិត យន្តហោះ លេងវីដេអូហ្គេម និងអានសៀវភៅបែបមនុស្សអស្ចារ្យ ដូចជាតួ Iron Man សង្គ្រោះពិភពលោកជាដើម។
Liu សង្កត់ធ្ងន់ថា គាត់ចង់បញ្ចេញនូវគោលគំនិតនៃការឌីហ្សាញរបស់គាត់ឱ្យប្លែកបន្តិច។ អតីតជនអន្តោប្រវេស៍ពីចិន បានផ្លាស់មករស់នៅសហរដ្ឋអាមេរិចនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានធ្វើការជាអ្នកឌីហ្សាញម៉ូដរថយន្ត ប្រចាំក្រុមហ៊ុន Ford តាំងពីឆ្នាំ 2016 មកម៉្លេះ។
ឌីហ្សាញឱ្យអំពូលភ្លើងរថយន្តកាន់តែធំជាងមុន និងកាចជាងមុន ជាអ្វីដែលក្រុមការងារលោកត្រៀមធ្វើបន្ថែម ជាពិសេសភ្លើងផ្នែកខាងមុខ និងខាងក្រោយតែម្ដង។ តាមពិតទៅ Liu ត្រូវបានក្រុមហ៊ុន Ford មើលឃើញពីស្នាដៃឌីហ្សាញម៉ូដរថយន្តប្រភេទ F-Series Truck របស់ខ្លួនជាយូរឆ្នាំមកហើយ។ ជាលទ្ធផលចេញពីម៉ូដរថយន្តដ៏ស្រស់ស្អាតទាំងនេះហើយ ទើបធ្វើឱ្យប្រភេទរថយន្ត Pick Up F-Series របស់ក្រុមហ៊ុន Ford លក់ដាច់ដល់ជាង 50 ពាន់លានដុល្លារឯណោះ នាពេលកន្លងមក៕
ប្រភព៖ Carbuzz