រដូវរងាបានវាយប្រហាររដ្ឋតិចសាស់នៅខែនេះ បណ្ដាលឱ្យមានផលប៉ះពាល់ជាច្រើនផ្នែក ជាពិសេសបង្កការលំបាកពេលធ្វើដំណើរ។ ក្រៅពីការដាច់ចរន្តអគ្គិសនី និងសីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់ -35 អង្សាសេ ក៏ស្រាប់តែមានហេតុការណ៍រថយន្តធ្វើដំណើរលើផ្លូវ High way បុកបន្តកន្ទុយគ្នារហូតដល់ទៅចំនួន130 គ្រឿង បណ្តាលឱ្យមនុស្សស្លាប់ 6 នាក់ របួសជាច្រើន និងរថយន្តយ៉ាងច្រើនរងការខូចខាត។ ក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់នេះ ស្រាប់តែក្រុមហ៊ុន Toyota ផ្ដល់រង្វាន់រថយន្តម៉ាក Toyota 4Runner TRD Pro ស៊េរីឆ្នាំ2021 មួយគ្រឿងដល់ជនរងគ្រោះ និងជាអ្នកសង្គ្រោះជីវិតមនុស្ស ក្នុងរថយន្តទាំង 130គ្រឿងនោះ បានទាន់ពេលវេលា។
ក្នុងព្រឹត្តិការណ៍នោះដែរ ក៏មានជនរងគ្រោះម្នាក់ក្នុងហេតុការណ៍ គឺលោក Trey McDaniel ត្រូវបានគេរាយការណ៍ថា គាត់ជាវីរៈបុរស និងជាគ្រូពេទ្យ ដែលបានជួយស្រោចស្រង់ស្ថានការណ៍ ខណៈរថយន្តរបស់គាត់ក៏រងគ្រោះយ៉ាងដំណំផងដែរ។ លោក Trey McDaniel បានប្រាប់សារព័ត៌មានក្នុងស្រុកថា ពេលលោកកំពុងបើករថយន្ត Toyota FJ Cruiser ស៊េរីឆ្នាំ2011 របស់លោកទៅធ្វើការ ស្រាប់តែមានរថយន្ត Truck ដ៏ធំឈប់នៅពីមុខរថយន្តលោក ដែលកំពុងពេញល្បឿនលើផ្លូវ High Way។ ភ្លាមៗនោះ លោកក៏បានជាន់ហ្វ្រាំងបន្ទាប់ដែរ តែអ្វីៗវាយឺតពេលហើយ។
គ្រោះថ្នាក់នេះនៅមិនទាន់បញ្ឈប់ត្រឹមហ្នឹងទេ ស្រាប់តែមានរថយន្តជាច្រើនគ្រឿងទៀត បុកបន្តកន្ទុយគ្នា តាមលេខរៀងពីក្រោយរថយន្តរបស់គាត់។ ប៉ុន្តែទោះបីជារងរបួសបែកឈាមពេញផ្ទៃមុខ របួសកជើង ខ្នង និងឈឺចុកចាប់ស្មា ក៏លោក Trey ព្យាយាមលូនចេញពីគំនរបាក់បែក ហើយធ្វើសញ្ញាសង្គ្រោះបន្ទាន់ ស្នើសុំជំនួយដល់ក្រុមពន្លត់អគ្គីភ័យមកជួយភ្លាមៗ ដោយសង្គ្រោះមនុស្សបានជាច្រើនអ្នកចេញពីគ្រោះថ្នាក់ដ៏អាក្រក់នេះ។ ក្រោយក្លាយជាវីបុរស ជួយរាយការណ៍ទៅក្រុមសង្គ្រោះរួច ភ្លាមៗនោះគាត់ក៏បន្តដំណើរទៅធ្វើការធម្មតា។
ការផ្ដល់ជូននូវរថយន្តដ៏ថ្មីសន្លាងមួយគ្រឿងនេះ ដល់លោក Trey McDaniel ដោយសារតែគាត់បានជួយហៅក្រុមសង្គ្រោះ និងពន្លត់អគ្គិភ័យមកទាន់ពេលវេលា។ ទី2 ដោយសារតែរថយន្ត Toyota FJ Cruiser ស៊េរីឆ្នាំ2011 របស់លោក ក្រុមហ៊ុនឈប់ផលិតតាំងពីឆ្នាំ2014 មកម្ល៉េះ៕