អត់ទុកចិត្តបច្ចេកវិទ្យារថយន្តឆ្លាតវៃអាមេរិក រដ្ឋាភិបាលចិនហាមបុគ្គលិករដ្ឋលែងឱ្យជិះឡាន Tesla ទៅធ្វើការ

ការពារប្រសើរជាងព្យាបាល

sambo 2019
20 មិនា 2021
04:04 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

បញ្ហាសន្តិសុខផ្ទៃក្នុងជារឿងដ៏ចម្បង ដែលប្រទេសជុំវិញពិភពលោក ជាពិសេសប្រទេសមហាអំណាចធំៗ តែងយកចិត្តទុកដាក់បំផុត។ តួយ៉ាងដូចជា រដ្ឋាភិបាលប្រទេសចិន កាលពីពេលថ្មីៗនេះ ក៏បានដាក់បម្រាម ហាមមិនឱ្យបុគ្គលិកធ្វើការរដ្ឋ ជិះរថយន្តម៉ាក Tesla ទៅធ្វើការទៀតហើយ។ ការរឹតត្បិតរបស់រដ្ឋាភិបាលប្រទេសចិនលើរថយន្ត Tesla ម៉ូឌែល S កំពុងបង្ហាញពីការព្រួយបារម្ភអំពីគ្រោះថ្នាក់ដោយប្រការណាមួយ ជាពិសេសខ្លាចបែកធ្លាយ គឺរឿងឯកជនភាពរបស់មន្ត្រីរដ្ឋផ្ទាល់តែម្ដង ដោយសារតែបច្ចេកវិទ្យាឆ្លាតវៃខ្លាំងពេករបស់រថយន្តអាមេរិកមួយនេះ។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលចិន ក៏បានធ្វើការត្រួតពិនិត្យលើផ្នែកប្រព័ន្ធសុវត្ថិភាព សន្តិសុខលើយានយន្តព្រោះ មានការព្រួយបារម្ភថា កាមេរ៉ារបស់ក្រុមហ៊ុន Tesla អាចតាមដានទីតាំង និងពេលវេលា យកទៅប្រើប្រាស់ក្នុងបំណងមិនល្អណាមួយ។ ដោយឡែក ជនជាតិចិន ដែលជាម្ចាស់រថយន្ត Tesla ម៉ូឌែល S មួយចំនួនក៏ព្រួយបារម្ភ ខ្លាចថាព័ត៌មានអាចនឹងត្រូវបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញផងដែរ។ សូម្បីតែការបើករថយន្ត Tesla ទៅធ្វើការដែលកៀកទៅនឹង បរិវេណលំនៅដ្ឋានរបស់សមាជិកជាន់ខ្ពស់រដ្ឋាភិបាល ក៏ត្រូវបានដាក់កម្រិតផងដែរ។ នេះបើតាមការឱ្យដឹងពីទីភ្នាក់ងារសន្តិសុខជាតិរបស់រដ្ឋាភិបាលចិន។

រូបភាព Automotive Cambodia

ដោយឡែក ខាងក្រុមហ៊ុនបានបដិសេធមិនធ្វើការបកស្រាយច្រើន គ្រាន់តែបញ្ជាក់ខ្លីថា៖ “ការគោរពភាពឯកជនរបស់អតិថិជនគ្រប់រូប ក្រុមហ៊ុន Tesla បានគោរព អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិទាំងអស់របស់ប្រទេសចិនរួចទៅហើយ។ ក្រុមហ៊ុន Tesla យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារភាពឯកជនរបស់អ្នកប្រើប្រាស់” ។

កន្លងមកសហរដ្ឋអាមេរិចក៏ធ្លាប់បានរិតត្បិត និងហាមដាច់ខាត លើបច្ចេកវិទ្យាទាំងអស់របស់ក្រុមហ៊ុនចិន ជាពិសេសក្រុមហ៊ុនទូរស័ព្ទ Huawei តើពេលនេះ ដល់វេនប្រទេសចិនធ្វើស៊ីវិញម្ដងហើយ ឬយ៉ាងណា មានតែតាមដានបន្តទាំងអស់គ្នាទៀត។

សូមណែនាំអត្ថបទសម្រាប់អ្នក